រដ្ឋធានីគៀវ៖ ថ្វីបើ ក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែកក្កដា បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុងគៀវ លើផែនការរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាអសន្ដិសុខស្បៀងរបស់ពិភពលោក ក្រោមវត្ដមានរបស់លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) ប្រមុខ UN និង លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី យ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ថ្ងៃទី៣១ ខែកក្កដា រុស្ស៊ី នៅតែវាយប្រហារជាបន្ដបន្ទាប់ទៅលើគោលដៅនានា នៅតំបន់កំពង់ផែរបស់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងសមុទ្រខ្មៅដដែល។Russian missiles hit Ukrainian port city of Mykolaiv, killing grain export  company Nibulon's owner, Oleksiy Vadatursky - ABC News

ប្រធានតំបន់របស់អ៊ុយក្រែន បានះអាងថា កម្លាំងទាហានរុស្ស៊ី បានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងកំពង់ផែ មីកូឡែវ (Mykolaiv) នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ចំណែកកាលវាយប្រហារនេះ បានសម្លាប់ម្ចាស់ក្រុមហ៊ុនផលិត និង នាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតម្នាក់របស់ប្រទេសអ៊ុយក្រែន ផងដែរ។

លោក វីតាលីយ គីម (Vitaly Kim) អភិបាលទីក្រុងមីកូឡែវ (Mykolaiv) បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ថា លោក អូឡែស៊ីយ វ៉ាដាទើរស្គី (Okesiy Vadatursky) ជាស្ថាបនិក និង ជាម្ចាស់ក្រុមហ៊ុនកសិកម្មនីប៊ូឡុន (Nibulon) ដែលមានជំនាញខាងការផលិត និង នាំចេញស្រូវសាលី ស្រូវ Barley និង គ្រាប់ធញ្ញជាតិផ្សេងៗទៀត បានស្លាប់ជាមួយនឹងប្រពន្ធរបស់គាត់ នៅក្នុងផ្ទះរបស់ពួកគាត់ ដោយការវាយប្រហារ ពីគ្រាប់មីស៊ីលរបស់កម្លាំងទាហានរុស្ស៊ី។Russia Hits Southern Ukraine City, Killing Owner of One of the Country's Largest  Grain Exporting Companies | AgWeb

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានរៀបរាប់ថា ការស្លាប់របស់ម្ចាស់ក្រុមហ៊ុននាំចេញដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លោក Vadatursky គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយរបស់ប្រជាជាតិអ៊ុយក្រែន។ ពាណិជ្ជកររូបនេះ កំពុងតែដំណើរការសាងសង់ទីផ្សារគ្រាប់ធញ្ញជាតិដ៏ទំនើប ពាក់ព័ន្ធនឹងបណ្តាញស្ថានីយដឹកជញ្ជូន និង ជណ្តើរយន្ត។

លោក វ៉ាឡែនទីន រែស្និចេនកូ (Valentyn Reznichenko) អភិបាលតំបន់ឌីនីប៉្រូផេត្រូវស្ក៍ (Dnipropetrovsk) បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាមថា គ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ចំនួន៥០គ្រាប់ បានវាយប្រហារទៅលើតំបន់លំនៅឋាន នាភាគខាងត្បូង ទីក្រុងនីកូប៉ូល (Nikopol) ដោយបានបណ្ដាលឲ្យមនុស្សម្នាក់រងរបួស ផងដែរ។Ukraine Situation Report: Russia Strikes Port Just After Grain Export Deal  Reached

រុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានជួបប្រជុំគ្នា នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី ក្រោមការសម្របសម្រួល ពីប្រធានាធិបតីតួកគី និង ប្រមុខអង្គការសហរប្រជាជាតិ។ ភាគីទាំង២ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់បំផុត គាំទ្រដោយអង្គការសហប្រជាជាតិ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ ដើម្បីដោះស្រាយដល់គ្រោះអត់ឃ្លានរបស់ប្រជាជន ប្រហែល១៨១លាននាក់ នៅក្នុងចំណោមប្រទេស៤១ នៅលើពិភពលោក។ ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានត្រូវរាំងស្ទះ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក៕