រាជធានីម៉ាឌ្រីដ៖ ដោយសារតែរលកកម្ដៅ កាន់តែកើនឡើងខ្លាំង គួបផ្សំជាមួយនឹងនយោបាយរបស់អឺរ៉ុប កាត់បន្ថយនូវការពឹងផ្អែក លើឧស្ម័នរបស់រុស្ស៊ី ផងនោះ នាយករដ្ឋមន្រ្ដីអេស្ប៉ាញ បានអំពាវនាវដល់មន្រ្ដីរាជការ និង បុគ្គលិកឯកជន ត្រូវបញ្ឈប់នូវការពាក់ក្រវាត់ក ដើម្បីជួយសន្សំសំចៃថាមពល។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ថា លោក ផែដ្រូ សានចែស (Predro Sanches) នាយករដ្ឋមន្រ្ដីអេស្ប៉ាញ បានអំពាវនាដល់បុគ្គលិក ទាំងវិស័យសាធារណៈ និង ឯកជន ត្រូវតែបញ្ឈប់នូវការពាក់ក្រវាត់.កដូចគ្នា។ នេះជាវិធានការ សន្សំសំចៃថាមពល នៅក្នុងកាលៈទេសៈអាកាសធាតុ កំពុងតែឡើងកម្ដៅ និងការកាត់បន្ថយនូវថាមពល។

លោកនាយករដ្ឋមន្រ្ដីអេស្ប៉ាញ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តនូវវិធានការសន្សំសំចៃថាមពល«បន្ទាន់» នេះ នៅថ្ងៃចន្ទ ទី១ ខែសីហា ខណៈបណ្តាប្រទេសនានា នៅតំបន់អឺរ៉ុប កំពុងតែខិតខំប្រឹងប្រែង កាត់បន្ថយនូវការពឹងផ្អែក ទៅលើឧស្ម័នរបស់រុស្ស៊ី ដើម្បីឲ្យថយនៅកម្រិតតិច ក្រោយការផ្ទុះសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

សីតុណ្ហភាព កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា បានឡើងដល់៣៦អង្សាសេ នៅក្នុងរាជធានីម៉ាឌ្រីដ និង ៣៩អង្សាសេ នៅក្នុងទីក្រុងសេវីលឡា (Seville) ។ ជាមួយគ្នានេះ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ សីតុណ្ហភាព នៅតំបន់អឺរ៉ុប បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងកំណត់ត្រារបស់ខ្លួន។

លោកនាយករដ្ឋមន្រ្ដីអេស្ប៉ាញ បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា គាត់នឹងមិនពាក់ក្រវាត់.ក ហើយគាត់ក៏ចង់ឲ្យរដ្ឋមន្រ្ដី មន្រ្ដីរាជការ និង បុគ្គលិក នៅក្នុងវិស័យឯកជន ធ្វើបែបនេះដូចគ្នាដែរ។ វិធីសាស្រ្ដនេះ នឹងជួយឲ្យយើងទាំងអស់គ្នា អាចសន្សំសំចៃថាមពលបាន។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា វិធានការបែបនេះ នឹងធ្វើឲ្យប្រជាជន មិនស្អុះស្អាប់ ហើយការធ្វើដូច្នេះ ក៏នឹងនាំឲ្យមានការចំណាយលើថាមពលតិច ព្រោះម៉ាស៊ីនត្រជាក់ នឹងត្រូវប្រើប្រាស់តិចតួចជាងមុន។

វិធានការរបស់លោកនាយករដ្ឋមន្រ្ដីអេស្ប៉ាញ បែបនេះ ក៏មិនមែនជាលើកដំបូងបំផុតនោះដែរ។ នៅក្នុងឆ្នាំ២០១១ ជប៉ុន បានបង្ហាញនូវយុទ្ធនាការរបស់ខ្លួន ឈ្មោះ «Super Cool Biz» ដោយលើកទឹកចិត្ត ដល់បុគ្គលិកធ្វើការ នៅតាមការិយាល័យ អាចស្លៀកពាក់សម្លៀកបំពាក់ស្ដើងៗ នៅក្នុងរដូវក្ដៅ។

វិធានការរបស់ប្រទេសអេស្ប៉ាញ ក៏ជាផ្នែកមួយ ស្ថិតក្នុងផែនការរបស់គណៈកម្មការអឺរ៉ុប មានទំហំទឹកប្រាក់ ២១០ពាន់លានអឺរ៉ូ (លុយអឺរ៉ុប) ឬស្មើនឹងប្រហែលជាង ២១៤,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងការជំរុញថាមពលកកើតឡើងវិញ និង កាត់បន្ថយនូវការពឹងផ្អែករបស់ប្លុកសេរីមួយនេះ ទៅលើឧស្ម័នរបស់រុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន៕