រដ្ឋធានីប៉េកាំង៖ ក្រោយពេល ប្រធានាធិបតីចិន បានព្រមានខ្លាំងៗទៅកាន់ម្ចាស់សេតវិមាន កុំឲ្យប្រលែងលេងជាមួយនឹងភ្លើង ជុំវិញបញ្ហាតៃវ៉ាន់ នោះ កងទ័ពរបស់ក្រុងប៉េកាំង ក៏បានបង្ហោះសារ អំពីការត្រៀមខ្លួនធ្វើសង្គ្រាម ប្រសិនបើមានការផ្ទុះឡើង ចំពេលប្រធានសភាសហរដ្ឋអាមេរិក មកកាន់ដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យមួយនេះ។

សារព័ត៌មាន Global Times បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា កងទ័ពទី៨០ នៃកងទ័ពរំដោះប្រជាជនជិន បានបង្ហោះសារ នៅលើគណនីផ្លូវការរបស់ខ្លួន ជាភាសាចិន ថា កងទ័ពបានត្រៀមខ្លួនរួចរាល់ សម្រាប់សង្គ្រាម។ នៅក្នុងការបង្ហោះសារ នៅគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ចិនវេបូ (Weibo) កាលពីថ្ងៃសុក្រ នោះ ក៏មានចុចចូលចិត្តជាង៣០០ ០០០នាក់ និង មានអ្នកចូលទៅខមមិន ចំនួន ២០ ០០០ ត្រឹមតែរយៈពេល១២ម៉ោងប៉ុណ្ណោះ។

ដោយឡែក សារព័ត៌មាន MZ បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានខ្លាំងៗដល់សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កុំប្រលែងលេងជាមួយនឹងភ្លើង ជុំវិញបញ្ហាកោះតៃវ៉ាន់ នៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទ ជាលើកទី៥ នៅក្នុងការដោះស្រាយភាពតានតឹង ទាំងបញ្ហាសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយ។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ថា លោក ស៊ី ជិនពីង បានប្រាប់ដល់សមភាគី លោក ចូ បៃដិន ថា សហរដ្ឋអាមេរិក គួរតែគោរព តាមគោលការចិនតែមួយ។ ប្រមុខរដ្ឋចិន បានសង្កត់ធ្ងន់ថា ក្រុងប៉េកាំង បានប្រឆាំងដាច់ខាត ចំពោះការប្រកាស អំពីឯករាជភាពរបស់តៃវ៉ាន់ និង ការជ្រៀតជ្រែកណាមួយ មកពីកម្លាំងខាងក្រៅ។ បណ្ដាផ្សព្វផ្សាយចិន បានដកស្រង់សម្ដីរបស់ប្រធានាធិបតីចិន ប្រាប់ទៅសមភាគីសហរដ្ឋអាមេរិក ថា «យើងសង្ឃឹមថា សហរដ្ឋអាមេរិក អាចយល់ច្បាស់ អំពីបញ្ហានេះ បើអ្នកលេងជាមួយនឹងភ្លើង វានឹងរលាក ឬចេះអ្នកជាមិនខាន»។

ដោយឡែក សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក វិញ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា លោក ចូ បៃដិន បានប្រាប់ដល់សមភាគីចិន លោក ស៊ី ជិនពីង ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិនមានការផ្លាស់ប្ដូរនោះឡើយ។ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន ក៏បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយ ជាឯកតោភាគី នៅក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬការធ្វើឱ្យខូចដល់សណ្ដាប់ធ្នាប់សន្តិភាព និង ស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់» ដែលជាផ្នែកមួយ នៃទឹកបំបែកកោះនេះ ចេញពីប្រទេសចិនដីគោក។

ការសន្ទនាគ្នាតាមទូរស័ព្ទរបស់មេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និង លេខ២របស់ពិភលោក កាលពីថ្ងៃព្រហស្បតិ៍ អស់រយៈពេលជាង២ម៉ោងនេះ បានកើតឡើង ខណៈលោក ចូ បៃដិន មានគោលបំណងស្វែងរកវិធីសាស្រ្ដថ្មី សម្រាប់ធ្វើការជាមួយនឹងប្រទេសចិន ចំពេលមានការកើនឡើង នៃការប្រកួតប្រជែងជាសកល និង ភាពតានតឹង រវាងមហាអំណាចទាំង២ ជុំវិញបញ្ហាសិទ្ធិមនុស្ស សុខភាពពិភពលោក និង គោលនយោបាយសេដ្ឋកិច្ច នៅក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀត។

ចិន បានគំរាមអំពីផលវិបាកនានា អាចនឹងកើតឡើង ប្រសិនបើលោកស្រី ណានស៊ី ផេឡូស៊ី ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ ដោយឡែក មន្រ្ដីយោធាសហរដ្ឋអាមេរិក ក៏បានអះអាងអំពីការរៀបចំសេណារីយ៉ូរួចជាស្រេច សម្រាប់សុវត្ថិភាពដល់យន្ដហោះដឹកលោកស្រីប្រធានសភា បញ្ចៀសពីការវាយប្រហារណាមួយ បង្កឡើងដោយកងទ័ពចិន។

ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន មិនអាចកាន់ផ្ដាច់ចេញពីចិនបាន។ លើសពីនេះទៅទៀត ក្រុងប៉េកាំង ថែមទាំងបានគំរាមកំហែង អំពីការប្រើប្រាស់កម្លាំងទ័ព វាយលុកចូលកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាពរបស់ខ្លួន កាត់ផ្ដាច់ចេញពីចិន។ ជាមួយនឹងការគំរាមកំហែងនេះ ចិនតែងតែបញ្ជូនយន្ដហោះចម្បាំងរាប់រយគ្រឿង និង នាវាចម្បាំង ល្បាត និង ហោះហើរ ចូលទៅជិតដែនកោះមួយនេះ។

ដោយឡែក ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន ធ្លាប់បានអះអាងថា រដ្ឋាបាលតៃប៉ិរបស់លោកស្រី ត្រូវតែការពារដែនកោះមួយនេះ ឲ្យខាងតែបាន បើទោះជាត្រូវចំណាយអស់ទំហំ ឬតម្លៃប៉ុនណាក៏ដោយ។ ជាមួយនឹងការតាំងចិត្ដយ៉ាងម៉ឺងមាត់របស់លោកស្រីប្រធានាធិបតី នោះ ក្រុងតៃប៉ិ តែងតែចំណាយថវិកាជាតិ អស់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ មកពីសហរដ្ឋអាមេរិក យកមកទុក សម្រាប់ការធ្វើសង្គ្រាម ទប់ទល់នឹងការឈ្លានពាន ពីក្រុងប៉េកាំង៕