ប្រទេសថៃ៖ កាលពីថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២២មានសេចក្តីរាយការណ៍បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការក្នុងប្រទេសថៃបានប្រកាសឱ្យដឹងថា ថៃបានរកឃើញអ្នកជំងឺដំបូងបង្អស់ជាជនជាតិថៃបានឆ្លងនូវជំងឺអុតស្វា និងជាករណីទីពីរផងដែរ។

បន្ទាប់ពីមានករណីរកឃើញអ្នកជំងឺអុតស្វា​លើបុរសជ​នបរទេសជនជាតិនីហ្សេរីយ៉ាកន្លងមកនេះ ស្រាប់តែថ្មីៗនេះ លោកAnutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ (MOPH) បានប្រាប់ឲ្យដឹងថា លោកបានទទួលរបាយការណ៍ពីអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺ បញ្ជាក់ ករណីទី ២នៃជំងឺអុតស្វាយពីមន្ទីរពេទ្យ Vajira ថារកឃើញអ្នកជំងឺទី ២ ថ្មី និងដំបូងបង្អស់ដែលជាបុរសជនជាតិថៃអាយុ ៤៧ ឆ្នាំ ជាបុរសស្រឡាញ់ភេទដូចគ្នាមានប្រវត្តិរួមភេទជាមួយនឹងបុរសជនបរទេស។

ជាមួយគ្នានោះចំពោះអ្នកជំងឺទី ២ រោគសញ្ញាដែលសង្ស័យបានចាប់ផ្តើមនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ ហើយពីរថ្ងៃក្រោយមក អ្នកជំងឺ ក្តៅខ្លួន ឈឺរាងកាយ កូនកណ្តុររីកធំ ក្រោយមកទៀតអ្នកជំងឺបានទៅទិញថ្នាំដើម្បីលាប  ប៉ុន្តែវាចាប់ផ្តើមឆ្លងរាលដាលម្តងទៀត នៅលើដៃ ជើង មុខ ក្បាល ហើយ ១ សប្តាហ៍ ក្រោយមកក៏មានកន្ទួលលើប្រដាប់ភេទ ដើមដៃ មុខ ជើង ទើបមកពិនិត្យនៅមន្ទីរពេទ្យ និងធ្វើតេស្ត ទើបរកឃើញថា វិជ្ជមានជំងឺអុតស្វា។

យ៉ាងណាមិញអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបន្ថែមថា អ្នកជំងឺដែលបានរកឃើញថ្មីនេះមានប្រវត្តិរស់នៅក្នុងទីក្រុងបាងកក ដូច្នេះវិទ្យាស្ថានបង្ការ និងគ្រប់គ្រងជំងឺនៅតាមទីក្រុងត្រូវបាននាយកដ្ឋានគ្រប់គ្រងជំងឺ ក្រសួងសុខាភិបាល បានចុះទៅពិនិត្យរកអ្នកដែលបានប៉ះពាល់អ្នកជំងឺចំនួន១០ករណី ហើយបច្ចុប្បន្នកំពុងធ្វើតេស្ដរកមេរោគ ព្រមទាំងត្រូវសង្កេតមើល និងតាមដានបន្តរយៈពេល២១ថ្ងៃ  ទោះជាយ៉ាងណាក្រុមស៊ើបអង្កេតនៅតែកំពុងស្វែងរកអ្នកទាក់ទងបន្ថែមជាបន្ទាន់៕ ប្រភព៖ ​news.ch7