ប្រទេសស្រីលង្កា៖ មនុស្សភាគច្រើននៅពេលដែលឮឈ្មោះប្រទេស ‘ស្រីលង្កា’ ប្រាកដជាស្រមៃទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សត្វដំរី និងចម្ការតែជាដើម តែក្នុងនោះគេក៏មិនភ្លេចនឹកឃើញទៅដល់រូបភាព និងទិដ្ឋភាពនៃប្រជាជនអ្នកនេសាទនៅមាត់សមុទ្រ ដោយការប្រើប្រាស់វិធីក្នុងការស្ទូចត្រីដ៏ចម្លែក និងបានរំលេកនូវភាពអស្ចារ្យ ក៏ដូចជាភាពស្រស់ស្អាតនៅផ្ទៃសមុទ្រដែលគេនិយមហៅថាការនេសាទត្រី ” Stilt” ។

ការនេសាទត្រី Stilt គឺជាវិធីសាស្រ្តនៃការនេសាទតែមួយគត់របស់ប្រទេសស្រីលង្កា ភាគច្រើនអ្នកនេសាទ ដែលរស់នៅតាមបណ្ដោយ ៣០ គីឡូម៉ែត្រនៃច្រាំងសមុទ្រភាគខាងត្បូងរវាងទីក្រុង Unawatuna និង Weligama នៃប្រទេសស្រីលង្កាផ្ទាល់។

ហើយពាក្យថា”Stilt”  នេះគឺជាឈ្មោះសំដៅទៅដល់ប្រជាជនស្រីលង្កាដែលអង្គុយស្ទូចត្រីនៅលើរបារឈើឆ្កាង ដែលពួកគេបានច្នៃឡើង ដោយដោតបង្គោលឈើយ៉ាងមាំចូលទៅក្នុងដីនៅមាត់សមុទ្រ ដែលអាចទ្រនឹងកំលាំងនៃព្យុះ និងទឹករលកធំៗ មិនតែប៉ុណ្ណោះវាក៏ងាយស្រួលក្នុងការអង្គុយពីលើដោយមានសុវត្តិភាព និងមិនរំខាន ដល់ពួកគេពីទឹករលកបោកបក់មកខ្លាំងៗ។

ជាមួយគ្នានោះគេសង្កេតឃើញថា អ្នកនេសាទទាំងអស់នោះបានបោះបង្គោលជាជួរៗ និងខ្លះមានលក្ខណៈបណ្ដុំគ្នា ​ដែលងាយស្រួលសម្រាប់ការជជេកគ្នាលេងកំដក្នុងកំឡុងពេលពួកគេស្ទូចត្រី និងរង់ចាំយ៉ាងអត់ធ្មត់ដើម្បីត្រីជាប់នុយ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងនោះការនេសាទនឹងត្រូវផ្អាកទាំងស្រុងក្នុងអំឡុងពេលរដូវវស្សាប្រចាំឆ្នាំមកដល់។

ពិតណាស់ថ្វីត្បិតតែវិធីនេះមើលទៅមានលក្ខណៈបុរាណ និងលំបាកក៏ដោយ តែការនេសាទត្រីតាមដងសន្ទូចនេះ បានក្លាយជាប្រពៃណីដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនស្រីលង្កាដែលរស់នៅតាមមាត់សមុទ្រ។ លើសពីនេះវិធីនេសាទត្រី “Stilt” ត្រូវបានគេជឿថាបានចាប់ផ្តើមអនុវត្តឡើងក្នុងកំឡុងសង្គ្រាមលោកលើកទី ២ នៅពេលដែលការខ្វះខាតស្បៀងអាហារ និងកន្លែងនេសាទមានភាពចង្អៀត បានជំរុញឱ្យប្រជាជនដែលមានគំនិតឆ្លាតវៃមួយចំនួនព្យាយាមរិះរកវិធីក្នុងការរកអាហារ ដោយការនេសាទនៅលើទឹក។ ដំបូងឡើយ ពួកគេចាប់ផ្តើមនេសាទពីបំណែកនៃកប៉ាល់ដែលបានលិច និងយន្តហោះដែលធ្លាក់នៅមាត់សមុទ្រក្នុងសង្រាម បន្ទាប់មកអ្នកខ្លះបានចាប់ផ្តើមដំឡើងបង្គោលរបស់ពួកគេនៅក្នុងថ្មប៉ប្រះទឹក ក្រោយមកពួកគេក៏បានជ្រើសរើសវិធីបោះបង្គោលមួយនេះសម្រាប់អង្គុយស្ទូចត្រីជាប់មករហូត ។

ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះត្រូវបានគេឱ្យដឹងថា ការរអនុវត្តវិធីនេសាទនេះមានការសាបរលាប និងបានបាត់បង់ ព្រោះតែរលកយក្សស៊ូណាមិឆ្នាំ ២០០៤ ដែលបានបំផ្លិចបំផ្លាញជាច្រើននៃឆ្នេរសមុទ្រ រហូតបានផ្លាស់ប្តូរច្រាំងសមុទ្រស្រីលង្កា ដែលជាកត្តាកាត់បន្ថយការចូលទៅនេសាទដោយប្រើវិធីនេះបន្ត ហើយសព្វថ្ងៃនេះមានអ្នកនេសាទតិចតួចប៉ុណ្ណោះ ដែលសុខចិត្តកាន់ដងសន្ទូច អង្គុយលើបង្គោលឈើរបស់ពួកគេក្នុងការស្ទូចត្រី លើសពីនេះគេជឿថាអ្នកដែលបានអង្គុយស្ទូចត្រីសព្វថ្ងៃនេះគ្រាន់តែជា “អ្នកសំដែង” ដែលដើរតួជាអ្នកនេសាទពិតប្រាកដសម្រាប់ភ្ញៀវទេសចរណ៍ជួលដើម្បីថតផ្ដិតយករូបភាពប៉ុណ្ណោះ ប៉ុន្តែអ្នករស់នៅក្នុងតំបន់នោះក៏បានបន្ថែមថា អ្នកខ្លះ ពួកគេពិតជាអ្នកនេសាទដោយការស្ទូចត្រីនេះពិតប្រាកដមែន ប៉ុន្តែពួកគេស្ទូចដើម្បីជីវភាពនៅពេលព្រឹក ហើយពេលថ្ងៃពួកគេរកចំណូលបន្ថែមពីភ្ញៀវទេសចរក្នុងការមកអង្គុយស្ទូចត្រី ដើម្បីឱ្យភ្ញៀវទេសចរផ្ដិតយករូបភាពទៅបង្ហាញដល់ពិភពលោកនូវទិដ្ឋភាពដ៏អស្ចារមួយនេះ៕ ប្រភព៖ amusingplanet