បរទេស៖ បុរសចំណាស់ជនជាតិអាមេរិកម្នាក់មានការច្នៃប្រឌិតខ្ពស់បានយកយន្តហោះចាស់មួយគ្រឿងមករៀបចំធ្វើផ្ទះយ៉ាងប្រណិតនៅក្នុងព្រៃមួយកន្លែង រហូតបង្កជាការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញនូវស្នាដៃដ៏ប៉ិនប្រសព្វមួយនេះ។

ផ្ទះដែលធ្វើពីយន្តហោះមួយនេះត្រូវបានគេដឹងថា ជាកម្មសិទ្ធរបស់លោក Bruce Campell មានវ័យ ៦៤ឆ្នាំដែលជាវិស្វករអគ្គិសនីចូលនិវត្តន៍ម្នាក់ គាត់តែងតែមានការច្នៃប្រឌិតខ្លាំងណាស់។ កាលពីគាត់មានអាយុ ២០ ឆ្នាំគាត់បានទិញដីទំហំ ១០ ហិចតាក្នុងតម្លៃ ២៣,០០០ ដុល្លារនៅក្នុងព្រៃនៃ Hillsboro រដ្ឋ Oregon ។ លុះនៅក្នុងឆ្នាំ ១៩៩៩ លោក Campbell បានសម្រេចចិត្តទិញយន្តហោះ Boeing ៧២៧ ពីក្រុមហ៊ុន Olympic Airways ក្នុងតម្លៃ១០០,០០០ ដុល្លារ រួចគាត់ត្រូវដឹកជញ្ជូនយន្តហោះដ៏ធំសម្បើមនេះទៅកាន់ព្រៃក្នុងរដ្ឋ Oregon។ ដោយសារតែយន្តហោះត្រូវនាំចូលពីក្រុងអាថែនប្រទេសក្រិក ការដឹកជញ្ជូននេះក្លាយជាបញ្ហាបន្តិច ហើយការចំណាយលើការដឹកជញ្ជូន មានតម្លៃប្រហែល១២០,០០០ ដុល្លារ ដែលមានន័យថា គាត់បានចំណាយសរុបប្រហែល ២២០,០០០ ដុល្លារសម្រាប់យន្តហោះមួយគ្រឿងនេះ។

ជាមួយគ្នានោះក្រោយពីគាត់បានយកយន្តហោះចាស់មួយ គ្រឿងមកកាន់ទីតាំងដីដ៏ធំមួយនេះហើយលោកបានចាប់ផ្ដើមច្នៃយន្តហោះនេះឱ្យប្រែក្លាយវាទៅជា ផ្ទះពិសេសបំផុតនៅលើលោក។

ចូលទៅមើលផ្នែកខាងក្នុងនៃយន្តហោះមានផាសុកភាពខ្លាំងណាស់ ក្នុងនោះធាតុដើមនៃយន្តហោះជាច្រើនត្រូវបានរក្សាទុកដូចជា កៅអី និងបង្គន់ផងដែរ  ប៉ុន្តែលោកCampbell ថែមទាំងបានបន្ថែមម៉ាស៊ីនបោកគក់ និងប្រព័ន្ធទឹកផងដែរ ​គាត់ចម្អិនម្ហូបដោយប្រើមីក្រូវ៉េវ និងឡដុត ព្រមទាំងបានបង្កើតឧបករណ៍ជាច្រើនផ្សេងទៀតដោយខ្លួនគាត់ផ្ទាល់។

ពិតណាស់យន្តហោះ Boeing ៧២៧ បានផ្តល់កន្លែងសម្រាប់លោក Campbell រស់នៅយ៉ាងសមរម្យនៅក្នុងផ្ទះមិនធម្មតារបស់គាត់លោក  រហូតលោក Campbell ក្លាយជាមនុស្សអស្ចារ្យ និងមានការចាប់អារម្មណ៍ ព្រមទាំងទទួលការសរសើរពីគំនិតច្នៃប្រឌិតរបស់លោកជាខ្លាំង៕ ប្រភព៖ and-more