រដ្ឋធានីអង់ការ៉ា៖ ក្រោយពេលមានការសម្របសម្រួល ពីប្រទេសតួកគី និង អង្គការសហប្រជាជាតិ ជុំវិញបញ្ហាប្រឈមមុខនឹងសន្ដិសុខស្បៀងអាហារជាសកលនោះមក នៅទីបំផុត រុស្ស៊ី និង អ៊ុយក្រែន បានយល់ព្រមចុះហត្ថលេខា បើកផ្លូវឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិ រាប់លានតោន ពីកំពង់ផែរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ ដែលត្រូវជាប់គាំង ដោយសារសង្គ្រាម សម្រាប់នាំទៅផ្គត់ផ្គងដល់ពិភពលោក ដែលកំពុងតែជួបប្រទះនឹងគ្រោះអត់ឃ្លាន។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ថា រុស្ស៊ី និង អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្ដើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ តាមច្រកសមុទ្រខ្មៅ។ មន្រ្ដីក្រុងមូស្គូ និង ក្រុងគៀវ បានអង្គុយ នៅតុផ្សេងគ្នា ហើយចុះហត្ថលេខាលើឯកសារដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ពិភពលោក។ ប៉ុន្ដែនេះក៏ជាកិច្ចព្រមព្រៀងដ៏សំខានលើកដំបូង រវាងភាគីទាំង២ ចាប់តាំងពីមេដឹនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាកងទ័ពរុស្ស៊ី ឲ្យឆ្លងព្រំដែន វាយលុកចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

កិច្ចព្រមព្រៀង រវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) ប្រទេសតួកគី បានកើតឡើង ក្រោមការសម្របសម្រួល ពីរដ្ឋាភិបាលអង់ការ៉ា (Ankara)។ ចំណែកការអនុវត្ដន៍នូវកិច្ចព្រមព្រៀង គាំទ្រ ដោយអង្គការសហប្រជាជាតិនេះ នឹងត្រូវអនុវត្ដ នៅក្នុងរយៈពេល២ទៅ៣សប្ដាហ៍ខាងមុខនេះ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គេ សូអ៊ីហ្គុ (Sergei Shoigu) ក៏បានចូលរួមជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) និងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) នៅក្នុងពិធីចុះហត្ថលេខានេះ ខណៈមន្ត្រីរុស្ស៊ី និង អ៊ុយក្រែន អង្គុយនៅតុដាច់ដោយឡែកពីគ្នា។

ស្រូវសាលី រាប់លានតោន បានជាប់គាំងនៅក្នុងប្រទេសដែលហែកហួរ ដោយសារសង្រ្គាមមួយនេះ។ ចំណែកក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិ នៅក្នុងទីក្រុងកំពង់ផែនានារបស់អ៊ុយក្រែន ដូចជា ទីក្រុងអូដេសា (Odesa០ មិនអាចដឹកជញ្ជូនទំនិញរបស់ពួកគេបាន ដោយសារតែសង្គ្រាមនេះ។ ជម្លោះ រវាងប្រទេសជិតខាងទាំង២ បាននាំឱ្យមានកង្វះខាតស្បៀងអាហារជាសកល ហើយធ្វើឱ្យតម្លៃម្ហូបអាហារ កើនឡើងខ្ពស់។

អ៊ុយក្រែន ជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ កាលពីថ្ងៃទី២៤ ខែកុម្ភៈនោះមក កម្លាំងទាហានរុស្ស៊ីបាន និង កំពុងរាំងខ្ទប់សមុទ្រខ្មៅ ជាកន្លែងនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសំខាន់ៗរបស់អ៊ុយក្រែន ត្រូវជាប់គាំង។ ចំណែកកិច្ចព្រមព្រៀងនេះ មានសារសំខាន់ សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ពិភពលោក ហើយក៏ជាកិច្ចព្រមព្រៀងដ៏សំខាន់លើកដំបូង រវាងភាគីទាំង២ ចាប់តាំងពីការផ្ទុះជម្លោះនេះមក៕