រាជធានីតូក្យូ៖ ពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង សម្ដែងនូវការសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន ក្រោយបានទទួលព័ត៌មាន អំពីការបាញ់ស.ម្លាប់អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ ហើយជនសង័្សយបានសារភាព អំពីគោលបំណង នៃការបាញ់ប្រហាររបស់ខ្លួន។

សារព័ត៌មានអិនហាសកា (NHK) របស់ជប៉ុន បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា ប៉ូលិស នៅក្នុងខេត្តណារ៉ា (Nara) នាភាគខាងលិច ប្រទេសជប៉ុន បានបញ្ជាក់ថា សមត្ថកិច្ច នឹងត្រួតពិនិត្យលើការរៀបចំបញ្ហាសន្ដិសុខឡើងវិញ។ ការអះអាងរបស់ប៉ូលិសខេត្តណារ៉ា បានកើតឡើង ក្រោយមានការបាញ់ប្រហារទៅលើលោក ស៊ិនហ្ស៊ូ អាបេ អតីតនាយករដ្ឋមន្រ្ដីជប៉ុន ខណៈគាត់កំពុងតែឃោសនា ស្វែងរកសំឡេងឆ្នោត កាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃសុក្រ។ លោក អាបេ បានទទួលមរណភាព នៅក្នុងថ្ងៃដដែលនោះ ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ ។

ជនសង័្សយ ឈ្មោះ យ៉ាម៉ាហ្គាមិ តែតស៊ូយ៉ា (Yamagami Tetsuya) រស់នៅក្នុងទីក្រុងណារ៉ា ត្រូវបានចាប់ខ្លួន ក្រោយការបាញ់ប្រហារ ទៅលើលោក អាបេ ខណៈគាត់ថ្លែងសុន្ទរកថា ទៅកាន់ហ្វូងមនុស្ស នៅក្នុងយុទ្ធនាការ ស្វែងរកសំឡេងឆ្នោត។

ប៉ូលិសខេត្តណារ៉ា បានបញ្ជាក់ នៅក្នុងសន្និសីទកាសែត កាលពីល្ងាច ថ្ងៃសុក្រ ថា ប៉ូលិស បានបង្កើតក្រុមការងារ មានសមាជិក ចំនួន៩០នាក់ ហើយនឹងចាប់ផ្ដើមស៊ើបអង្កេត ទៅលើករណីឃាតកម្មនេះ។ ប៉ូលិសបានដឹង អំពីដំណើរទស្សនកិច្ចរបស់លោក អាបេ មកកាន់ខេត្តណារ៉ា (Nara) កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ប៉ុន្តែនេះនៅតែមិនមានពេលគ្រប់គ្រាន់ សម្រាប់ការរៀបចំការសន្តិសុខដ៏ចាំបាច់នោះឡើយ។

ប៉ូលិស បានបន្ថែមទៀត ថា ជនសង័្សយ បានសារភាព អំពីការបាញ់សម្លាប់លោក អាបេ ។ ប៉ុន្ដែជនសង័្សយ បានអះអាងថា ករណីនេះ មកពីរូបគេ មានការខឹងសម្បានឹងអង្គការមួយ ដែលជឿថា អតីតនាយករដ្ឋមន្ត្រី មានការជាប់ពាក់ព័ន្ធ។

ជនសង័្សយ យ៉ាម៉ាហ្គាមិ (Yamagami) បានប្រាប់ប៉ូលិសថា ម្តាយរបស់គេ បានចូលរួមយ៉ាងសកម្ម នៅក្នុងអង្គការនេះ ហើយបានបរិច្ចាគប្រាក់ជាច្រើន រហូតបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដល់គ្រួសាររបស់គេ។

ប៉ូលិស បានដកស្រង់សម្ដីរបស់ជនសង័្សយ ដោយនិយាយថា រូបគេបានដឹង អំពីដំណើរទស្សនកិច្ចរបស់លោក អាបេ មកកាន់ទីក្រុងណារ៉ា តាមបណ្ដាញអ៊ិនធើរណេត ហើយក៏បានធ្វើដំណើរមកកាន់កន្លែងនោះ តាមរថភ្លើង។ ដោយឡែកកាំភ្លើងផលិតដោយដៃ ដែលប្រើប្រាស់ ជាមធ្យោបាយ សម្រាប់សម្លាប់លោក អាបេ នោះ មានប្រវែង៤០សង់ទីម៉ែត្រ។

ប៉ូលិស បានបន្ថែមថា សមត្ថកិច្ចបានឆែកឆេរលំនៅឋានរបស់ជនសង្ស័យ ហើយរឹបអូសបានដែក និង កាំភ្លើងឈើជាច្រើនដើម មានលក្ខណៈស្រដៀងគ្នាទៅនឹងកាំភ្លើង ប្រើប្រាស់ នៅក្នុងការវាយប្រហារ ទៅលើលោក អាបេ។ ក្រៅពីនេះ ប៉ូលិស ក៏បានរឹបអូសវត្ថុតាងមួយចំនួនទៀត ជារបស់ជនសង័្សយ រួមមាន កាបូបស្ពាយមួយ ស្មាតហ្វូន និង កាបូបលុយ ។ ប៉ូលិសជឿថា ជនសង័្សយ បានយកកាំភ្លើង ដាក់នៅក្នុងថង់ក្រណាត់ពណ៌ខៀវទឹកសមុទ្រ មានប្រវែង៤០សង់ទីម៉ែត្រ សម្រាប់យកទៅបាញ់ប្រហារ។

ប៉ូលិស បានដកស្រង់សម្ដីរបស់ជនសង័្សយ ឈ្មោះ យ៉ាម៉ាហ្គាមិ ដែលបានអះអាងថា គេធ្លាប់បម្រើការជាមួយកងកម្លាំងស្វ័យការពារ អស់រយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥ ហើយបច្ចុប្បន្ន គេគ្មានការងារធ្វើនោះឡើយ៕