រាជធានីឡុងដ៍៖ ចាប់តាំងពីការផ្ទុះសង្គ្រាមឃ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ចេញពីប្រទេសអ៊ុយក្រែន យកទៅផ្គត់ផ្គង់ នៅលើពិភពលោក ត្រូវជាប់គាំង ហើយមនុស្ស ប្រហែល១៨១លាននាក់ រស់នៅក្នុងប្រទេសចំនួន៤១ ប្រឈមមុខនឹងគ្រោះអត់ឃ្លាន។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានអះអាងថា ច្រកជំនួសមួយ សម្រាប់ការបើកផ្លូវសុវត្ថិភាព ដឹកគ្រាប់ធញ្ញជាតិ ដែលជាប់គាំង នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវការពិនិត្យមើល រួមទាំង តាមរយៈទន្លេដានូប (Danube) របស់អឺរ៉ុប ប្រសិនបើមិនអាចដឹកចេញ តាមច្រកសមុទ្របូសហ្វូរុស (Bosphorus) របស់ប្រទេសតួកគី។

លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានប្រាប់ដល់រដ្ឋសភា ថា «តួកគី ពិតជាមិនអាចខ្វះបាន នៅក្នុងការដោះស្រាយ លើបញ្ហាដឹកគ្រាប់ធញ្ញជាតិ ចេញពីប្រទេសអ៊ុយក្រែន។ ពួកគេនឹងធ្វើឲ្យអស់ពីសមត្ថភាព។ ករណីនេះ ក៏អាស្រ័យលើរុស្សី យល់ព្រមអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិទាំងនោះចេញផងដែរ។ ក្រៅពីនេះ យើងនឹងត្រូវមើល អំពីមធ្យោបាយផ្សេងៗទៀត នៅក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ចេញពីប្រទេសអ៊ុយក្រែន ប្រសិនបើយើងមិនអាចប្រើផ្លូវសមុទ្របាន ប្រសិនបើអ្នកមិនអាចប្រើផ្លូវ Bosphorus នោះទេ»។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសមួយនេះ បានជាប់គាំង ចាប់តាំងពីការផ្ទុះសង្គ្រាមមក។ ចំណែកគ្រាប់ធញ្ញជាតិ ជាង២០លានតោន ក៏ត្រូវបានជាប់គាំង នៅក្នុងស៊ីឡូ។ ដោយឡែក ក្រុងមូស្គូ បានអះអាងថា នេះជាឥទ្ធិពលដ៏អាក្រក់ នៃទណ្ឌកម្មរបស់លោកខាងលិច ដាក់មកលើប្រទេសរុស្ស៊ី ជុំវិញសង្រ្គាមបានរំខានដល់ការនាំចេញជី និង គ្រាប់ធញ្ញជាតិរបស់ខ្លួន។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មានពលរដ្ឋ ប្រហែលកើនឡើងដល់១៨១លាននាក់ ស្ថិតក្នុងប្រទេស ចំនួន៤១ អាចនឹងប្រឈមមុខនឹងវិបត្ដិស្បៀងអាហារ ឬគ្រោះអត់ឃ្លាន ប្រសិនបើមិនអាចដោះស្រាយបញ្ហាការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន បាន។

អ៊ុយក្រែន និង បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់រុស្ស៊ី អំពីការបិទខ្ទប់កំពង់ផែសមុទ្ររបស់អ៊ុយក្រែន ដើម្បីរារាំងដល់ការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមនេះ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បាននាំឲ្យមានវិបត្ដិស្បៀងអាហារ ហើយកំពុងតែគំរាមកំហែងយ៉ាងខ្លាំង ដល់គ្រោះអត់ឃ្លាន ទុរ្ភិក្ស និង អស្ថិរភាពនយោបាយ នៅពាសពេញពិភពលោក៕