រាជធានីគួឡាឡុំពួរ៖ គណៈរដ្ឋមន្រ្ដីម៉ាឡេស៊ី បានប្រកាស កាលពីថ្ងៃទី៣០ ខែមិថុនា ថា អត្រាអតិផរណា នៅក្នុងប្រទេសអាស៊ានមួយនេះ នៅតែស្ថិតក្នុងចំណោមដ៏ទាបបំផុត នៅលើពិភពលោក ដោយសារតែការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល នៅក្នុងការគ្រប់គ្រងតម្លៃទំនិញ និង តម្រូវការចាំបាច់។

សារព័ត៌មានថៃ The Nation បានដកស្រង់ប្រភពពី The Star យកមកចុះផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ថា លោក អាននូអា មូសា (Annuar Musa) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និង ពហុបណ្ដាញផ្សព្វផ្សាយ បានបញ្ជាក់ថា ស្របពេលប្រទេសជឿនលឿនជាច្រើន កំពុងប្រឈមមុខនឹងអតិផរណា កើនឡើង រហូតដល់២ខ្ទង់នោះ ប្រទេសម៉ាឡេស៊ី អាចរក្សាបាននូវអត្រាការប្រាក់របស់ខ្លួន នៅត្រឹម ២,៨ភាគរយ ដោយសារអន្តរាគមន៍របស់រដ្ឋាភិបាល។

លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និង ពហុបណ្ដាញផ្សព្វផ្សាយ បានបន្ថែមថា «យើងសូមអរគុណ ដោយសារប្រទេសរបស់យើង មានអត្រាអតិផរណាដ៏ទាបបំផុតមួយ នៅក្នុងពិភពលោក។ បច្ចុប្បន្ន អត្រាអតិផរណា មានត្រឹមតែ ២,៨ភាគរយ គឺស្ថិតក្នុងចំណោមកម្រិតទាបបំផុត មួយ នៅក្នុងតំបន់អាស៊ាន ហើយវាទាបជាងប្រទេសជឿនលឿនជាច្រើនទៀត។ ករណីនេះ ប្រហែល ជាមនុស្សភាគច្រើន មិនបានដឹងថា នេះក៏ដោយសារតែការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល នៅក្នុងការគ្រប់គ្រងការកើនឡើង នៃតម្លៃទំនិញ និង តម្រូវការ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភនេះឡើយ»។

លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និង ពហុបណ្ដាញផ្សព្វផ្សាយ បានបន្ដថា «ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី បានព្យាករថា រាជាណាចក្រអាស៊ានមួយនេះ នឹងត្រូវចំណាយថវិកា ច្រើនជាង៧០ពាន់លានរីងហ្គីត (លុយម៉ាឡេស៊ី) ឬស្មើនឹងប្រហែលជាង១៥,៨៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅលើប្រាក់ឧបត្ថម្ភ នៅក្នុងឆ្នាំ២០២២។ ចំនួននេះ ច្រើនជាងអ្វីដែលរដ្ឋសភាបានអនុម័តលើប្រាក់ឧបត្ថម្ភ ដែលមានត្រឹមតែ៣៣ពាន់លានរីងហ្គីត ឬស្មើនឹងប្រហែលជាង៧,៤៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោករដ្ឋមន្រ្ដី បានប្រាប់ដល់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងភូត្រាចាយ៉ា (Putrajaya) កាលពីថ្ងៃទី៣០ ខែមិថុនា ថា រដ្ឋាភិបាលនឹងបន្តចំណាយលើប្រាក់ឧបត្ថម្ភ ដើម្បីធានាថា ប្រជាជន នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការឡើងថ្លៃទំនិញ ហើយក៏ធានាថា អត្រាអតិផរណារបស់ប្រទេសម៉ាឡេស៊ី នៅមានកម្រិតទាបនៅឡើយ។ លោករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្រោយការធ្វើជាប្រធាន នៃកិច្ចប្រជុំលើកដំបូង ស្ដីពីកម្លាំងការងារពិសេស ប្រឆាំងនឹងអតិផរណា៕