ខេត្តស្វាយរៀង៖ ស្រូវបង្កើនរដូវជាច្រើនហិកតា នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងប្រឈមនឹងការខូចខាត ដោយសារការខ្វះខាតទឹកស្រោចស្រព ខណៈដែលស្រូវ បានចេញផ្កាផ្លែជាបណ្ដើរៗ ហើយនោះ ។

ប្រជាកសិករដែលជាម្ចាស់ស្រូវ បានអំពាវនាវដល់មន្ត្រីជំនាញ ពាក់ព័ន្ធឱ្យជួយជីកស្ដារប្រឡាយនាំទឹកសង្គ្រោះស្រូវ ព្រោះពួកគេគ្មានលទ្ធភាពក្នុងការបូមទឹកសង្គ្រោះស្រូវនោះទេ ព្រោះនឹង ត្រូវចំណាយច្រើន បើទោះជាសង្គ្រោះបានតែពេលប្រមូលផលក៏លក់មិនចំណេញនោះដែរ។

ពាក់ព័ន្ធនឹងសំណើររបស់កសិករបែបនេះយើងមិនទាន់អាចសុំការពន្យល់ពីលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង នោះទេ តែលោក ទេព សារ៉ុន​ជំទប់ទី១ ឃុំថ្មី បានបញ្ជាក់ប្រាប់យើងថា ស្រូវបង្កើនរដូវ ដែលក្រុមកសិករ ធ្វើនៅក្នុងឃុំថ្មី​ ពិសេស ស្រូវនៅ​ក្នុងភូមិកោះត្រាច និងភូមិអូរ នៅប៉ុន្មានថ្ងៃនេះ ពិតជាមានផលប៉ះពាល់ពិតមែន ​ពីព្រោះ ប្រឡាយនៅក្នុងឃុំទាំងមូល បើទោះមានច្រើនខ្សែដែរ តែប្រឡាយមួយចំនួនគ្មានទឹកទេ​ ៕