ប្រទេសថៃ៖ មានឃ្លីបវីដេអូមួយបានបង្ហោះពីបុរសម្នាក់ដើរដោះអាវនៅតាមដងផ្លូវទាំងកណ្ដាលថ្ងៃ ប៉ុន្តែបែរជាមិនឃើញមានក្បាល រហូតបានក្លាយជារឿងដ៏ក្ដៅគគុកសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមមានការងើយឆ្ងល់ជាខ្លាំង ប៉ុន្តែការពិតត្រូវបានលាតត្រដាង ដោយរូបភាពដែលបានថតពីក្រោយខ្នងហើយមើលមិនឃើញក្បាលនោះ តាមពិតគេជាបុរសពិការមិនអាចងើយក និង បញ្ឈរកឱ្យត្រង់ដូចមនុស្សទូទៅ។

ទាក់នឹងហេតុការណ៍នេះផងដែរបានកើតឡើង នៅក្នុងខេត្ត កាន ចាន់បុរី នៃប្រទេសថៃ ​ដោយមានបុរសម្នាក់ឈ្មោះថា Surasit លោកបានថតសកម្មភាពពីក្រោយខ្នងរបស់បុរសម្នាក់ ដើរដោះអាវនៅតាមដងផ្លូវទីសាធារណៈទាំងកណ្ដាលថ្ងៃ រួចបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ជាមួយគ្នានោះផងដែរអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលរហូតដល់ព្រឺសម្បុរឆ្អឹងខ្នង គឺបុរសម្នាក់នោះដើរទាំងខ្លួនមិនមានក្បាល។ ក្រោយពីបង្ហោះនូវឃ្លីបវីដេអូនេះរួចមក ក៏មានអ្នកចូលទស្សនាជាច្រើន និងបានចែកចាយតៗគ្នាព្រមទាំងមានចម្ងល់ជាខ្លាំងថា ហេតុអ្វីមិនឃើញក្បាលរបស់គាត់ និងឆ្ងល់ថាតើបុរសម្នាក់នោះពិតជាអត់ក្បាល់ដូចដែលពួកគេបានឃើញក្នុងឃ្លីបវីដេអូនេះពិតប្រាកដឬអត់។

ទោះជាយ៉ាងណាការពិតត្រូវបានលាតត្រដាង ក្រោយពីមហាជនបានចែកចាយនូវឃ្លីបវីដេអូបន្ត និងភ្ជាប់ជាមួយចម្ងល់ជាច្រើនទាក់ទងនឹងបុរសដើរអត់ក្បាល់នេះ រហូតលោក Surasit ដែលជាម្ចាស់ឃ្លីបបាន បកស្រាយថា បុរសដែលអ្នកគ្រប់គ្នាបានឃើញថាអត់ក្បាល គាត់មានឈ្មោះថា Chakaj គាត់ចូលចិត្តដើរនៅតាមផ្លូវទីសាធារណៈ ហើយលោកមិនមែនអត់ក្បាលនោះទេ តាមពិតគាត់ពិការក ដោយសារតែគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យដាច់សរសៃកមួយចំនួន ទើបករបស់គាត់កោងទៅក្រោម មិនអាចងើយឱ្យត្រង់ដូចមនុស្សទូទៅ ហើយក្នុងឃ្លីបដែលបានថតបង្ហោះនោះគឺថតពីក្រោយខ្នង ដូច្នេះទើបធ្វើឱ្យមហាជនយល់ច្រឡំ ព្រោះតែមិនបានឃើញក្បាលដែលបានកោងនៅខាងមុខ។

យ៉ាងណាមិញអជ្ញាធរក្នុងតំបន់ក៏បានចុះទៅធ្វើទៅសាកសួរ និងធ្វើបទសម្ភាសទៅកាន់អ្នកជិតខាងរបស់លោក Chakaj បានឱ្យដឹងថា គាត់គឺជាមនុស្សមិនចូលចិត្តនៅផ្ទះនោះទេ តែងតែដើរតាមផ្លូវទីសាធារណៈ ហើយលោកក៏ជាអ្នកមកពីគ្រួសារក្រីក្រ គ្មានថវិការដើម្បីព្យាបាលខ្លួន។ ឃើញដូចនេះមាជិកសាលាក្រុងក៏បានពិភាក្សាជាមួយលោកចៅសង្កាត់ ថាមឿង ដើម្បីរកវិធីធ្វើប័ណ្ណជនពិការជូនលោក Chakaj និង ព្យាយាមនាំលោកទៅទទួលការព្យាបាល ហើយអាជ្ញាធរ នឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពក្នុងការជួយលោក Chakaj ឱ្យមានកាយសម្បទាដូចមនុស្សទូទៅវិញ៕ ប្រភព៖ instagram