រដ្ឋធានីមូស្គូ៖ ចិនបានបង្ហាញនូវភាពក្លាហានជាសាធារណៈខ្លាំងក្លាជាងពេលណាៗទាំងអស់ អំពីមហិច្ឆតារបស់ខ្លួន នៅក្នុងការវាយដណ្ដើមកាន់កាប់កោះតៃវ៉ាន់ ប៉ុន្ដែទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ ក្រុងប៉េកាំងកំពុងតែសិក្សា អំពីបរាជ័យរបស់ក្រុងមូស្គូ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ថា ស្របពេលរុស្ស៊ីចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅតែមិនទាន់ទទួលបានជ័យជម្នះ ជាដុំកំភួននោះ ចិនជាមហាអំណាចកំពូលមួយរបស់ពិភពលោក កំពុងតែចាប់ផ្ដើមមានអារម្មណ៍ គិតឡើងវិញទៅលើផែនការ នាពេលអនាគតរបស់ខ្លួន។

នៅក្នុងអំឡុងពេលមានវិបត្ដិ នៅអ៊ុយក្រែន នោះ ចិនបានបង្ហាញជាសាធារណៈយ៉ាងខ្លាំងក្លា អំពីមហិច្ឆតារបស់ខ្លួន ទៅលើតៃវ៉ាន់ ខណៈដែនកោះមួយនេះ តែងតែព្យាយាម ប្រកាសពីឯករាជភាព លើការគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែករណីនេះ មិនដូចជារដ្ឋអធិបតេយ្យរបស់អតីតសហភាពសូវៀត គឺបានទទួលស្គាល់ ដោយប្រទេសតូចៗមួយចំនួនតែប៉ុណ្ណោះ។

ដោយឡែក វោហារសាស្ត្រ ពីទីក្រុងប៉េកាំង ទោះបីជាសេដ្ឋកិច្ចអន្តរជាតិធ្លាក់ចុះ ហើយពិភពលោក កំពុងតែប្រញាប់ប្រញាល់ ដើម្បីបន្ធូរបន្ថយនូវវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើង នៅអឺរ៉ុប ក៏ដោយ ក៏នៅតែមានភាពរឹងចចេស ខណៈបណ្ដាប្រទេសជាច្រើន បង្ហាញ អំពីការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ចិនកំពុងតែរៀបចំគម្រោងឈ្លានពានរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅទឹកដី ដែលបានផ្ដាច់ចេញពីគ្នា អស់រយៈពេលជាយូរមកហើយនោះ។

លោក វេ ហ្វេងហ្គេ (Wei Fenghe) រដ្ឋមន្រ្ដីក្រសួងការពាជាតិចិន បានប្រកាស កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងកិច្ចសន្ទានាសាន់ហ្គ្រី-ឡា (Shangri-La) ដែលជាការប្រមូលផ្តុំយោធា ប្រចាំឆ្នាំ នៅប្រទេសសិង្ហបុរី ថា ការប៉ុនប៉ងណាមួយរបស់តៃវ៉ាន់ ដើម្បីប្រកាស អំពីឯករាជភាពជាផ្លូវការ ផ្ដាច់ចេញពីចិន នឹងឆ្ពោះទៅរក«ផ្លូវមរណៈ»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានបញ្ជាក់ អំពីកោះតៃវ៉ាន់ ថា «គ្មាននរណាម្នាក់ ត្រូវមើលស្រាល អំពីការតាំងចិត្ត និង សមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិន នៅក្នុងកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួននោះទេ។ ក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះមួយនេះ ជាអាណាខេត្តរបស់ខ្លួន មិនអាចកាត់ផ្ដាច់ ចេញពីចិនបានឡើយ។

បើទោះជាយ៉ាងណាក៏ដោយ ទំនុកចិត្តដែលចិនផ្ដោតអារម្មណ៍ អំពីមហិច្ឆតារបស់ខ្លួន នៅក្នុងការវាយដណ្ដើមកាន់កាប់ដែនកោះមួយនេះ បានផ្លាស់ប្តូរទៅវិញ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។ ករណីនេះ ប្រហែលជាចិនសិក្សា អំពីប្រតិកម្មជាលក្ខណៈអន្តរជាតិ ដែលមិននឹកស្មានដល់ ជុំវិញការឈ្លានពាន ដោយគ្មានការញញើតរបស់ក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមមន្ត្រី និង អ្នកវិភាគមួយចំនួន បានលើកឡើង ជាមួយនឹងការវាយតម្លៃរបស់ចិន និង សហរដ្ឋអាមេរិក អំពីមហិច្ឆតារបស់ក្រុងប៉េកាំង។

លោក ថៃឡ័រ ហ្វ្រាវ៉ែល (Taylor Fravel) នាយកកម្មវិធីសិក្សាសន្តិសុខ MIT និង ជាអ្នកជំនាញយុទ្ធសាស្រ្ដយោធាចិន បានថ្លែងថា «ការឆ្លើយតបរបស់លោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះការលុកលុយរបស់រុស្ស៊ី គឺរហ័ស និង ខ្លាំងក្លាជាងនៅក្នុងប្រទេសចិន ហើយប្រហែលជាប្រទេសជាច្រើនផ្សេងទៀត រំពឹងទុក ដោយរាប់បញ្ចូលទាំង សហរដ្ឋអាមេរិក ផងដែរ។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានសង្កត់ធ្ងន់ថា «បើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងនឹងប្រយុទ្ធ ហើយប្រយុទ្ធ រហូតដល់ទីបញ្ចប់។ នេះជាជម្រើសតែមួយគត់ សម្រាប់ប្រទេសចិន»។

ជាឧទាហរណ៍ បើទោះជាការប្រៀបធៀបមិនល្អឥតខ្ចោះ សហរដ្ឋអាមេរិក មានការប្តេជ្ញាការពារតៃវ៉ាន់ជាផ្លូវការ ប៉ុន្តែនេះមិនមែនជាមួយអ៊ុយក្រែនទេ។ កិច្ចខិតខំប្រឹងប្រែងជាឯកច្ឆន្ទពីអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់រុស្ស៊ី ចាប់តាំងពីការឈ្លានពានរបស់ក្រុងមូស្គូ កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បក្សកុម្មុយនិស្តចិន ហើយបានបង្ខំឲ្យក្រុងប៉េកាំង ពិចារណាឡើងវិញ អំពីសកម្មភាពលុកលុយ ដោយយោធាទៅលើកោះតៃវ៉ាន់។

ក្រុមអ្នកវិភាគផ្សេងទៀត បានលើកឡើងថា ជាការពិតណាស់ ចិនកំពុងតែវាយតម្លៃឡើងវិញទាំងស្រុង អំពីអ្វីដែលក្រុងប៉េកាំង បានគិតថា ខ្លួនបានដឹង អំពីការឆ្លើយតបរបស់លោកខាងលិច ជុំវិញផែនការរបស់ខ្លួន សម្រាប់ការវាយលុក ដោយយោធាទៅលើតៃវ៉ាន់ បន្ទាប់ពីឥទ្ធិពល នៃកញ្ចប់ទណ្ឌកម្មជាលក្ខណៈអន្តរជាតិ ប្រឆាំងនឹងរុស្ស៊ី និង ការឆ្លើយតបផ្នែកយោធា ពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ខ្លួន នៅអឺរ៉ុប៕