ប្រទេសស្រីលង្កា៖ ប្រទេសស្រីលង្កា ផ្តល់ឱ្យបុគ្គលិករដ្ឋាភិបាល ឬមន្ត្រីរាជការឱ្យឈប់សម្រាកថ្ងៃសុក្រមួយថ្ងៃបន្ថែមទៀត ដើម្បីឱ្យពួកគេមានពេលដាំដុះដំណាំ ក្នុងការដោះស្រាយបញ្ហាកង្វះខាតអាហារ និងជំរុញឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ដើម្បីសម្រួលដល់សេដ្ឋកិច្ចក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ សារព័ត៌មាន CNN បានរាយការណ៍ថាប្រទេសស្រីលង្កាបានប្រកាសថាបុគ្គលិករដ្ឋាភិបាលទាំងអស់នឹងត្រូវទទួលបានថ្ងៃឈប់សម្រាកមួយថ្ងៃបន្ថែមទៀតសម្រាប់ថ្ងៃសុក្រនៅក្នុងរយៈពេល ៣ ខែបន្ទាប់ ដោយគ្មានការកាត់ប្រាក់ខែនោះទេ។ ជាមួយគ្នានេះផងដែរការផ្ដល់ឱ្យមានថ្ងៃឈប់សម្រាកបន្ថែមនេះគឺដើម្បីឱ្យពួកគេមានពេលសម្រាប់ធ្វើស្រែ ចម្ការ របស់ខ្លួនក្នុងការផ្គត់ផ្គង់ប្រទេសដែលកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈ ក្នុងពេលដែលប្រទេសជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។ បន្ថែមពីនោះរដ្ឋាភិបាលស្រីលង្កាក៏បានបញ្ជាក់ប្រាប់ថា ខ្លួននឹងជំរុញឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក រកការងារនៅក្រៅប្រទេស ដើម្បីស្វែងរកការងារធ្វើ និងបានផ្ញើប្រាក់មកស្រុកកំណើតវិញ លើសពីនេះមន្ត្រីរាជការទាំងអស់ក៏អាចមានសិទ្ធសម្រាកពីការងាររយៈពេល៥ឆ្នាំ ក្នុងការចំណាកស្រុកទៅរកការងារធ្វើក្រៅប្រទេស ហើយបន្ទាប់មកពួកគេក៏អាចមកធ្វើការងាររដ្ឋបានធម្មតាបើសិនជាចង់ត្រឡប់មកវិញ។

យ៉ាងណាមិញ ក៏មានប្រជាពលរដ្ឋបានរិះគន់ទៅលើរដ្ឋាភិបាលជាខ្លាំង ទាក់ទងនឹងការសម្រេចមួយនេះ ដោយពួកគេបានបញ្ចេញមតិថា ពួកគេភាគច្រើនមានជីវភាពក្រីក្រណាស់ និង មិនមានដីស្រែចម្លាសម្រាប់ធ្វើដំណាំនោះទេ ដូច្នេះវាទំនងជាមិនអាចដាំដុះដោយខ្លួនឯងបានទេដូចការរំពឹងទុកឡើយ។

គួរបញ្ជក់ផងដែរថាប្រទេសស្រីលង្កាកំពុងតែវឹកវរក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងអាក្រក់បំផុត រហូតមានមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលមួយចំនួនលាលែងពីតំណែង ក្រឡេកទៅមើលប្រជាពលរដ្ឋវិញរស់នៅយ៉ាងលំបាក ដោយភ្លើងក៏ត្រូវបានកាត់ផ្ដាច់ ហើយពួកគេត្រូវតម្រង់ជួរគ្នាក្នុងការទិញស្បៀងអាហារ ប្រេងឥទ្ធនៈ នៅក្រោមកំដៅថ្ងៃដ៏ក្តៅគគុកជាច្រើនម៉ោងដើម្បីបំពេញតម្រូវការរបស់ពួកគេជារៀងរាល់ថ្ងៃ៕ ប្រភព៖ Khaosod