រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាម អស់រយៈពេលជាង៣ខែកន្លងមកនេះ រុស្ស៊ី បានអួតអាង ពីការវាយប្រហារ កម្ទេចឃ្លាំងស្ដុកគ្រឿងយុទ្ធោបករណ៍ ដែលបានផ្គត់ផ្គង់ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ស្ថិតនៅលើទឹកដីរបស់អ៊ុយក្រេន ខណៈបណ្ដាប្រទេសបស្ចិមលោក បានសន្យាផ្ដល់គ្រឿងសព្វាវុធកាន់តែច្រើនឡើងបន្ថែមទៀត ជួយដល់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមរបស់ក្រុងមូស្គូ។

សារព័ត័មាន CBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ថា ទាហានរុស្ស៊ី បានអះអាងថា កាលពីថ្ងៃពុធ ពួកគេបានប្រើប្រាស់មីស៊ីល បាញ់ចម្ងាយឆ្ងាយ កម្ទេចឃ្លាំងស្ដុកគ្រឿងសព្វាវុធ នៅតំបន់ខាងលិច ទីក្រុងល្វីវ (Lviv) ប្រទេសអ៊ុយក្រែន។ គោលដៅវាយប្រហារនោះ គឺជាឃ្លាំងស្ដុកគ្រឿងសព្វាវុធ ផ្គត់ផ្គង់ដោយអង្គការណាតូ។

លោក អ៊ីហ្គ័រ កូណាសែនកូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កម្លាំងទាហានរុស្ស៊ី បានប្រើប្រាសមីស៊ីលកាលីប (Kalibr) វាយប្រហារ កម្ទេចឃ្លាំងស្ដុកអាវុធ នៅជិតទីក្រុងហ្សូឡូឈីវ (Zolochiv) ស្ថិតក្នុងតំបន់ល្វីវ (Lviv) ជិតព្រំដែនប្រទេសប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ។

លោក Konashenkov បានបញ្ជាក់ថា ការវាយប្រហារនេះ សំដៅទៅលើកាំភ្លើងផ្លោងហូវីតហ្ស៊ើរ ប្រភេទ 777 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវរក្សាទុកនៅទីនោះ។ ក្រៅពីនេះ យន្តហោះចម្បាំង ចំនួន៤គ្រឿង ក៏ត្រូវបានកងទ័ពរុស្ស៊ី បំផ្លាញនៅកន្លែងផ្សេងទៀផងដដែរ។ ស្របគ្នានេះ រុស្ស៊ី បានវាយប្រហារតាមផ្លូវអាកាស បំផ្លាញ«ប្រព័ន្ធការពារដែនអាកាស»របស់អ៊ុយក្រែន នៅក្នុងអាកាសយានដ្ឋានយោធាមួយកន្លែង ស្ថិតក្នុងតំបន់ភាគខាងត្បូង ទីមីកូឡេវ (Mykolaiv)។

ទោះជាយ៉ាងណា មន្រ្ដីយោធាអ៊ុយក្រែន នៅមិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារ ទៅលើឃ្លាំងស្ដុកអាវុធហ្សូឡូឈីវ (Zolochiv) នោះឡើយ៕