ភ្នំពេញ៖ រាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដែលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីនេះនៅឡើយ។

ក្នុងន័យនេះ រដ្ឋបានលរាជធានីភ្នំពេញ សូមធ្វើសេចក្តីជូនដំណឹងសារជាថ្មីម្តងទៀតដើល់បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជន សូមមេត្តារួសរាន់មកបង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) ក្នុងករណីដែលមិនព្រមបង់ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម៖

១- បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

២- កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន

៣- អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់

ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ បើសិនជាមានអ្នកប្រមូលថវិកាខុសពីតារាងកម្រៃថ្មីដូចដែលបានជូនភ្ជាប់មកជាមួយនេះ សូមធ្វើការទាក់ទងលេខទូរស័ព្ទ ០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២ / ០១២ ៩៩ ២៥ ៩៩ ៕