ភ្នំពេញ៖ ៥ខែដើមឆ្នាំ២០២២ កម្ពុជា​ទទួលបានចំណូលពីពន្ធដារ ប្រមាណជាង១ ៧០០លានដុល្លារ។ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននេះ គឺមានការកើនឡើងចំនួន ២៧,៩៥ភាគរយ បើធៀបនឹងគ្រាដូចគ្នា​ កាលឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធអាករចូលថវិកាជាតិ បានចំនួន ១ ៧២៦,៩៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២។ តួលេខនេះ សម្រេចបាន​អត្រា៦១,២៥ភាគរយ នៃផែនការកំណត់ ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារខែឧសភា និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២២ កាលពីថ្ងៃទី១៤ មិថុនា។

ចំណូលពន្ធ​អាករ ដែលប្រមូលបាន រួមមាន៖ ពន្ធលើប្រាក់ចំណូលកើនឡើង២៥,៩៨ភាគរយ, អាករតម្លៃបន្ថែម(VAT)កើនឡើង ២៦,៤២ភាគរយ, អាករពិសេសកើនឡើង៣៣,៤២ភាគរយ, ពន្ធលើប្រាក់បៀវត្ស កើនឡើង២៦,៣៨ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលទ្រព្យកើនឡើង ៤៤,៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

ដើម្បីធានាបានប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ ឱ្យបានគ្រប់ផែនការប្រចាំឆ្នាំ២០២២ ក្នុងចំនួន ២៨១៩លានដុល្លារ អគ្គនាយកដ្ឋាពន្ធដារបន្តអនុវត្តនិងពង្រឹងវិធានការមួយចំនួន ដូចជា៖ ពង្រឹងការចុះបញ្ជីពន្ធដារ, បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវកម្មវិធីវិក្កយបត្រនាំសំណាង​ (GDT Lucky Draw ) , បន្តរៀបចំវិធានការបំពាក់ GPS និង RFID លើរថយន្តដឹកជញ្ជូនក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ ជាដើម …។

សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ផែនការ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ចំណូលឆ្នាំ២០២២ ឱ្យបាន ២ ៨២០លានដុល្លារ។ ដោយឡែកនៅក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាប្រមូលចំណូល​ពន្ធដារ និងពន្ធគយ បានជាង ៤ ៥០០លានដុល្លារអាម៉េរិក​។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មាន២ ២៤៣លានដុល្លារ ​លើសផែនការរហូត ជាង២៤ភាគរយ ៕