រដ្ឋធានីមូស្គូ៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក កំពុងតែបង្កើននូវការផ្គត់ផ្គង់គ្រឿងចម្បាំង ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីយកមកទប់ទល់នឹងកម្លាំងទាហានរបស់រុស្ស៊ី នោះ ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin ) បានអះអាងថា ប្រសិនបើក្រុងគៀវទទួលបានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចម្ងាយឆ្ងាយនោះ ក្រុងមូស្គូ នឹងវាយប្រហារកម្ទេចទៅលើគោលដៅទាំងនោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានរិះគន់ដល់បណ្ដាប្រទេសលោកខាងលិច ជុំវិញការចែកចាយគ្រឿងសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយគាត់ បានអះអាងថា បណ្ដាប្រទេសបស្ចិមលោក មានគោលបំណង អូសបន្លាយជម្លោះនេះ ឲ្យកាន់តែយូរ។

មេដឹនាំរុស្ស៊ី រូបនេះ បានបញ្ជាក់ថា «ការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍របស់បស្ចិមលោក ជួយដល់ប្រទេសអ៊ុយក្រែន នាំឲ្យមានភាពច្របូកច្របល់ ប៉ុន្ដែបើតាមទស្សនៈរបស់ខ្ញុំ មានគោលបំណងតែមួយគត់ ចង់អូសទាញជម្លោះប្រដាប់អាវុធនេះ ឱ្យកាន់តែយូរតាមដែលអាចធ្វើទៅបាន»។

ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ទៀតថា «ការផ្គត់ផ្គង់គ្រឿងចម្បាំងរបស់បណ្ដាប្រទេសបស្ចិមលោកបែបនេះ ទំនងជាមិនអាចផ្លាស់ប្តូរស្ថានភាពយោធា សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន បានឡើយ។ ប៉ុន្ដែប្រសិនបើក្រុងគៀវ ទទួលបានប្រព័ន្ធរ៉ុក្កែតបាញ់ រយៈចម្ងាយឆ្ងាយ ពីបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) នោះ ក្រុងមូស្គូ នឹងសន្និដ្ឋានសមស្រប ហើយប្រើប្រាស់គ្រប់មធ្យោបាយរបស់ខ្លួន ដើម្បីបំផ្លិចបំផ្លាញទៅលើគោលដៅគ្រឿងសព្វាវុធទាំងនោះ»៕