អន្តរជាតិ៖ ប្រទេសទួរគី បានប្តូរឈ្មោះជាផ្លូវការទៅជា«Türkiye» នៅក្នុងអង្គការសហប្រជាជាតិ ដែលបានយល់ព្រមទទួលស្គាល់ការផ្លាស់ប្តូរនេះ បន្ទាប់ពីការស្នើសុំពីរដ្ឋាភិបាលរបស់ប្រទេសទួរគី ខណៈយុទ្ធនាការ​ ដើម្បី​ដាក់​ឈ្មោះប្រទេស​ថ្មី​« Türkiye» បាន​ចាប់​ផ្តើម​កាលពី​ខែ​ធ្នូ ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera

រដ្ឋមន្ត្រីការបរទេសលោក Cavusoglu បាននិយាយថា ដំណើរការផ្លាស់ប្តូរឈ្មោះបានចាប់ផ្តើម ក្រោមការដឹកនាំ របស់ប្រធានាធិបតី Recep Tayyip Erdogan ។

នៅក្នុងលិខិតដែលផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោក Cavusoglu បានសរសេរថា ខ្ញុំសូមជម្រាបជូនថា ស្របតាមសារាចរណែនាំរបស់ប្រធានាធិបតី ប្រទេសទួរគី នឹងផ្លាស់ប្តូរឈ្មោះទៅជា Türkiye ដើម្បីជំនួសឈ្មោះទួរគី ដែលត្រូវបានប្រើកាលពី អតីតកាល ដើម្បីសំដៅទៅលើសាធារណរដ្ឋទួគី។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ និយាយថា អង្គការសហប្រជាជាតិបានទទួលយកការផ្លាស់ប្តូរនេះ ហើយវាមានប្រសិទ្ធភាពភ្លាមៗនៅពេលដែលពួកគេបានទទួលសំណើ និងធ្វើឱ្យប្រាកដថាឯកសារនោះ ស្របច្បាប់។

យុទ្ធនាការប្តូរឈ្មោះរបស់ប្រទេសនេះ បានចាប់ផ្តើមកាលពីខែធ្នូឆ្នាំមុន ក្នុងអំឡុងពេលនៃ អតិផរណាកើនឡើងខ្ពស់ និងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ នៅពេលដែលប្រធានាធិបតី Recep Tayyip Erdogan បានចេញអនុស្សរណៈមួយ ដោយសុំឱ្យប្រទេសផ្សេងទៀតប្រើឈ្មោះប្រទេសទួគី ជាប្រទេស Türkiye ។

ហេតុផលដែលប្រទេសនេះផ្លាស់ប្តូរឈ្មោះ គឺដោយសារតែ ទួគី មានភាពស្រដៀងគ្នាទៅនឹងសត្វស្លាប ហ្គីណេ ដែលត្រូវបាននាំចូលតាមរយៈចក្រភពអូតូម៉ង់ នៅពេលអាណានិគមអ៊ឺរ៉ុបបានរកឃើញ ទ្វីបអាមេរិក ហើយក្រោយមកទៀតឈ្មោះទួគីនេះ ត្រូវបានសំដៅទៅលើមាន់ទួរគី ដែលជនជាតិ អាមេរិកបរិភោគនៅក្នុងពិធីបុណ្យThanksgiving៕