រដ្ឋធានីគៀវ៖ ដោយសារសង្គ្រាមបានអូសបន្លាយ អស់រយៈពេល១០០ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ហើយក្រសួងការពាជាតិចក្រភពអង់គ្លេស បានអះអាងថា រុស្ស៊ី គ្រប់គ្រងតំបន់លូហាន់ស្ក៍ (Luhansk) ជាង៩០ភាគរយ ហើយរុស្ស៊ី នឹងគ្រប់គ្រងតំបន់ទាំងមូល នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា កម្លាំងទាហានរបស់រុស្ស៊ី បានកាន់កាប់ទឹកដីរបស់ប្រទេសគាត់ ចំនួន២០ភាគរយ។ បច្ចុប្បន្ន ស្ថានភាព នៅក្នុងទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) គឺលំបាកខ្លាំងណាស់ ក៏ដូចជា នៅតាមបណ្ដាទីក្រុង និង សហគមន៍នានា នៅជិតនោះ ដូចជា លីស៊ីចាន់ស្ក៍ (Lysychansk) និង បាខ្មូត (Bakhmut) ។

ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានបញ្ជាក់ថា រុស្ស៊ី បានកាន់កាប់តំបន់លូហាន់ស្ក៍ (Luhansk) ជាង៩០ភាគរយ ហើយអាចនឹងគ្រប់គ្រងតំបន់នេះទាំងមូល នៅក្នុងរយៈពេល២សប្ដាហ៍ខាងមុខនេះ។ លូហាន់ស្ក៍ ជាតំបន់មួយ ក្នុងចំណោមតំបន់ចំនួន២របស់ដុនបាស (Donbas) នាភាគខាងកើត ប្រទេសអ៊ុយក្រែន៕