ប្រទេសថៃ៖ ពិតជាធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងក្រោយពីមានការបង្ហោះរូបរបស់នាងបក់នាងបោយ ដែលភាសាថៃហៅថា នាង ខ្វាក់ (Nang Kwak) ចូលទៅក្នុងបណ្ដាញសង្គមបង្ហាញពីភាពទាក់ទាញ និងភាពស៊ិចស៊ីខុសពីរូបរាងនាងបក់នាងបោយធម្មតា ដែលស្ថិតក្នុងសម្លៀកបំពាក់ថៃយ៉ាងសមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។

កាលពីពេលថ្មីៗនេះមានការចែករំលែកនូវរូបភាពរបស់ នាងបក់នាងបោយ ដែលថៃហៅថានាង ខ្វាក់ (Nang Kwak) ពេញទាំងក្នុងបណ្ដាញសង្គម ដែលចង់បង្ហាញពីការច្នៃនូវរូបរាងថ្មី ដែលមានការរៀបចំ នឹងការស្លៀកពាក់ស៊ិចស៊ីជាខ្លាំង ខុសពីរូបនាងបក់នាងបោយរបស់ថៃធម្មតា ដែលមានការស្លៀកពាក់ជាឈុតប្រពៃណីថៃយ៉ាងសមរម្យ។ បន្ថែមពីនោះគេក៏បានបញ្ជាក់ផងដែរថា រូបនាង ខ្វាក់ (Nang Kwak) ដែលមានការតុបតែងបែបស៊ិចស៊ីនេះគឺចង់បង្ហាញពីភាពទាន់សម័យ និងភាពជឿនលឿន ព្រមទាំងការផ្លាស់ប្ដូររូបរាងទៅតាមសម័យកាលក្នុងឆ្នាំ ២០២២នេះ មិនតែប៉ុណ្ណោះគេថែមទាំងមានជំនឿថា នាងខ្វាក់ (Nang Kwak) ដែលស្ថិតក្នុងរូបរាងស៊ិចស៊ីមួយនេះពិតជាស័ក្តិសិទ្ធខ្លាំងណាស់ គេជឿថា វាជួយក្នុងរឿងរកស៊ី ពាណិជ្ជកម្ម ហិរញ្ញវត្ថុ មន្តស្នេហ៍ និងនាំសំណាងជាដើម។ ទន្ទឹមនឹងនេះផងដែរ រូបតុក្កតា នាងខ្វាក់ (Nang Kwak)ពិតជាមានការពេញនិយមជាខ្លាំងសម្រាប់អ្នកដែលមានជំនឿលើតុក្តតានេះ ហើយគេតែងតែលក់ទៅកាន់អតិថិជននៅក្រៅប្រទេសជាច្រើនដូចជា ប្រទេសចិន តៃវ៉ាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី ដែលសុទ្ធសឹងជាអ្នកមានជំនឿផ្ទាល់ខ្លួនសម្រាប់ប្រទេសទាំងអស់នោះ។

យ៉ាងណាមិញទាក់ទងនឹងរូបតុក្តតានាងបក់នាងបោយមានរូបរាងស៊ិចស៊ីនេះផងដែរក៏បានធ្វើឱ្យមហាជនមួយចំនួនធ្វើការរិះគន់ទាក់ទងនឹងការស្លៀកពាក់ឱ្យរូបតុក្តតានេះថាមិនមានភាពសមរម្យ ដែលអាចប៉ះពាល់ដល់វប្បធម៌សង្គមជាដើម៕ ប្រភព៖ Thairath