បរទេស៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk បានស្នើឱ្យបុគ្គលិកទាំងអស់ត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ ខណៈលោកសង្កត់ធ្ងន់ទៅកាន់បុគ្គលិកថា «ចង់មកធ្វើការដោយផ្ទាល់ ឬក៏ចង់ចាកចេញពីក្រុមហ៊ុន»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

តាមប្រភពពី Electrek បានឱ្យដឹងថា Musk បានផ្ញើ Email ទៅកាន់បុគ្គលិកទាំងអស់ដោយតម្រូវឱ្យពួកគេមកធ្វើការនៅក្នុងការិយាល័យដ៏ធំរបស់ Tesla យ៉ាងហោចណាស់ ៤០ម៉ោងក្នុងមួយសប្តាហ៍ ដោយលោកថែមទាំងបញ្ជាក់ទៀតថា «ប្រសិនបើអ្នកមិនមកបង្ហាញខ្លួននៅការិយាល័យទេ យើងនឹងសន្មត់ថាអ្នកបានលាឈប់ពីការងារ»តែម្តង។

ក្នុងនោះ Musk ក៏បានផ្ញើ Email ចំនួន ២ដងទៅកាន់បុគ្គលិកដោយ Email ដំបូងបានលើកឡើងថា «អ្នកណាក៏ដោយដែលចង់ធ្វើការពីចម្ងាយ គឺគួរតែត្រូវចំណាយពេលនៅក្នុងការិយាល័យជាអប្បបរមា ខ្ញុំមានន័យថា«អប្បបរមា» គឺប្រហែល ៤០ម៉ោងក្នុងមួយសប្តាហ៍ ឬក៏អាចនឹងចាកចេញពី Tesla» តែម្តង។ ដោយលោកសង្កត់ធ្ងន់ថា «នេះតិចជាងយើងស្នើសុំកម្មកររោងចក្រទៅទៀត»។

ចំណែកឯ Email ទី២លោកបានបន្ថែមថា «វាជារឿងសំខាន់សម្រាប់បុគ្គលិកជាន់ខ្ពស់ក្នុងការបង្ហាញវត្តមានរបស់ពួកគេ ប្រសិនបើនៅតែបន្តធ្វើការតាមរយៈអនឡាញតើពេលណាទើបពួកយើងបាននាំចេញផលិតផលថ្មីដ៏អស្ចារ្យទៅកាន់ពិភពលោក? ដែលនោះហើយជាមូលហេតុដែលខ្ញុំចំណាយពេលវេលារបស់ខ្ញុំ «រស់នៅក្នុងរោងចក្រ» ហើយប្រសិនបើខ្ញុំមិនខិតខំ «ក្រុមហ៊ុន Tesla នឹងក្ស័យធនជាយូរមកហើយ» Tesla មានវត្តមាននឹងបង្កើតផលិតផលដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនមកដល់សព្វថ្ងៃនេះ មិនមែនកើតឡើងដោយសារទូស័ព្ទនោះទេ»។

ទាក់ទងទៅនឹងករណីនេះ Musk មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហាបង្ខំឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យនោះទេ។ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតរួមមាន Amazon, Apple, Alphabet, Meta មិនទាន់បង្ខំឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យវិញនោះឡើយ៕