ថ្មីៗនេះមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា New Lable Aran  បានរិះគន់ម​កលើអាជ្ញាធរដែលប្រចាំការនៅច្រកព្រំដែនខ្មែរ-ថៃ ដោយគេបានអះអាងថាបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជានៅច្រកប៉ោយប៉ែត គឺត្រូវបង់ប្រាក់ចំនួន ១,០០០បាត ទៅ ២,០០០បាត និងចំណាយទៅលើសេវាផ្សេងៗជាច្រើនផ្សេងទៀត។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះមានម្ចាស់គណនីអាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា New Lable Aran ជាជនជាតិថៃ បានធ្វើការផុសរិះគន់កើតទុក្ខមិនសុខចិត្ត ព្រោះតែគាត់ពេល ធ្វើដំណើរឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែតដើម្បីឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែរឿងដ៏ហួសចិត្ត និងធ្វើឱ្យគាត់មានការមិនសប្បាយចិត្តព្រោះតែការឆ្លងដែនរបស់គាត់គេតម្រូវឱ្យបង់ប្រាក់ពីចន្លោះ ១,០០០បាត ទៅ ២,០០០បាត ព្រមទាំងបង់សេវាប្រចាំថ្ងៃចំនួន​១០០បាត ​បង់ថ្លៃកាតលឿង ២០បាត និងបង់ថ្លៃកាតស ២០បាត ដោយខាងច្រកព្រំដែនប៉ោយប៉ែតបានអះអាងថាគាត់ប្រើប្រាស់លិខិតឆ្លងដែនថ្មី មិនធ្លាប់មានជាប់ត្រាចេញចូល ដូច្នេះត្រូវតែបង់ប្រាក់ ។ ទាក់ទងនិងករណីនេះបានធ្វើឱ្យគាត់ខឹងជាខ្លាំង ព្រមទាំងបានបញ្ជាក់ថាគាត់ជាជនជាតិថៃ ហើយត្រូវចូលមកធ្វើការ កាស៊ីណូក្នុងប្រទេសកម្ពុជា ជាមួយនឹងមិត្តភ័ក្តរួមការងារជាច្រើនផ្សេងទៀត ហើយពួកគេបាននិយាយថាប្រជាជនថៃមិនអាចទ្រាំទ្របានទេ ដូច្នេះនៅក្នុងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះពួកគេនឹងនាំគ្នាទៅធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា ដែលស្ថិតនៅក្នុងប្រទេសថៃ នៅផ្លូវបំបែក Khok Sabang នៅវេលាម៉ោង ១០ព្រឹក។

ក្រោយពីធ្វើការបង្ហោះនូវសារទាំងអស់នេះហើយក៏បានធ្វើឱ្យប្រជាជនថៃជាច្រើននាក់បានចូលទៅខមមិនរិះគន់យ៉ាងចាស់ដៃមកលើអាជ្ញាធរប្រចាំការនៅច្រកព្រំដែនប៉ោយប៉ែតយ៉ាងព្រោងព្រាត។

យ៉ាងណាមិញទាក់ទងនឹងករណីខាងលើយើងក៏មិនទាន់ដឹងច្បាស់ពីរឿងរ៉ាវស៊ីជម្រៅជាងនេះយ៉ាងណានោះដែរ៕