ភ្នំពេញ៖ កាលពីថ្ងៃទី ៣១​ ខែឧសភានេះ ​លោកវេជ្ជបណ្ឌិត​ លី សូវ៉ាន់​ ប្រធាននាយកដ្ឋានប្រយុទ្ធ ​និងជំងឺឆ្លង ​និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិ​បាល​មានបានឱ្យដឹងថា ថ្មីៗនេះកម្ពុជា​បានរកសង្ស័យ​ជំងឺអ៊ុត​ស្វាចំនួន៦ករណី ប៉ុន្តែក្រោយពីយកវត្ថុវិភាគទៅពិនិត្យ​នៅវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជាលទ្ធផល​បង្ហាញថាអវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិត​បានបន្តថា រហូតមកដល់​ពេលនេះនៅមិនទាន់មានអ្នកដំណើរ​មកពីក្រៅ​ប្រទេស​ណា​ម្នាក់ត្រូវបានរកឃើញថា​មានឆ្លងជំងឺអ៊ុតស្វានៅឡើយ​ទេពោលគឺមានតែករណី​សង្ស័យចំនួន ៦​ករណី​នៅក្នុងស្រុកប៉ុណ្ណោះដោយពួកគាត់​មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបាន​ក្រុមការ​ងារឆ្លើយតបន្ទាន់យកវត្ថសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជាហើយ​ជាលទ្ធផល​អវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេវាជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា​ទោះបើជាមិនមានករណីឆ្លងជំងឺអ៊ុតស្វា​ក៏មន្ត្រីឆ្លើយតបបន្ទាន់​នៅទូទាំងប្រទេសបន្តរុករកជំងឺនេះជាបន្តទៀតទាំងនៅតាមព្រំដែននិងនៅក្នុងសហគមន៍។

លោក វេជ្ជបណ្ឌិតបានលើកទឹកចិត្ត​ដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យ​មានជំងឺអ៊ុត​ស្វាដែលមានរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំង ហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញ​កន្ទួលដែល​មាន​ពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខ​បាតដៃនិងបាតជើង​មាត់ត្រូវប្រញាប់​រាយ​ការណ៍ទៅអាជ្ញាធរសុខាភិបាលឬតេទៅលេខ ១១៥​ជាបន្ទាន់ដើម្បីយកវត្ថុវិភាគ​ទៅធ្វើរោគ​វិនិច្ឆ័យ​រកជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។

លោក វេជ្ជបណ្ឌិតបានលើកឡើងទៀតថាជំងឺអ៊ុតស្វានេះត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះបានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អូស្ត្រាលីនិងអាមេរិកដោយអ្នកជំងឺទាំងនោះមិនបានធ្វើដំណើរទៅអាហ្វ្រិកនោះទេ ៕