រដ្ឋធានីគៀវ៖ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល៩៧ថ្ងៃកន្លងមកហើយ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ កាន់តែមានភាពសាហាវឃោរឃៅខ្លាំងឡើង ហើយក៏មានសេចក្ដីរាយការណ៍ថា រុស្ស៊ី បន្ដបាត់បង់មេបញ្ជាការ ថ្នាក់វរសេនីយ៍ ចំនួន២នាក់ បន្ថែមទៀត។

សារព័ត៌មាន Independent បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា លោក ប្រធានាធិបតីរុស្ស៊ី ពូទីន បានបាត់បង់មេបញ្ជាការថា្នក់វរសេនីយ៍ ចំនួន២នាក់បន្ថែមទៀត នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ដោយរួមទាំង មេបញ្ជាការកងទ័ពឆត្រយោងដ៏ល្អបំផុតផងដែរ។ នៅក្នុងសង្គ្រាមរបស់លោក ពូទីន អស់រយៈពេលជាង៣ខែកន្លងមកនេះ ក៏មានសេចក្ដីរាយការណ៍ថា រុស្ស៊ី បានបាត់បង់មេបញ្ជាការថ្នាក់វរសេនីយ៍ យ៉ាងតិច ៤០នាក់ ប៉ុន្ដែបើតាមតួលេខពិតប្រាកដ អាចនឹងកើនឡើងច្រើនជាងនេះ។

ដោយឡែក មេបញ្ជាការរបស់កងទ័ពរុស្ស៊ី ចុងក្រោយ ដែលបានបាត់បង់ជីវិត នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន នោះ រួមមាន ទី១-លោកវរសេនីយ៍ទោ អាឡិក្សែនឌ័រ ឌូស្យាហ្គាយ៉ែវ (Alexander Dosyagayev) អាយុ៣៤ឆ្នាំ ជាមេបញ្ជាការកងទ័ពឆត្រយោង នៃកងវរសេនាតូចលេខ១០៤។ គាត់ជាមេបញ្ជាការដ៏ល្អជាងគេបំផុត នៅក្នុងកងទ័ពឆត្រយោងរបស់រុស្ស៊ី។ ទី២-លោកវរសេនីយ៍ឯក វ៉្លាឌីមៀរ អ៊ីវ៉ាណូវ (Vladimir Ivanov) អាយុ៤១ឆ្នាំ ទទួលបន្ទុកខាងការឃោសនាផ្សព្វផ្សាយ។ បើតាមប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា រហូតមកដល់ពេលនេះ រុស្ស៊ីបានបាត់បង់ថ្នាក់វរសេនីយ៍ ចំនួន៤៨នាក់។

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ថា ក្រសួងការបរទេសអ៊ុយក្រែន បានអះអាងថា គិតត្រឹម ថ្ងៃទី២៩ ខែឧសភា កម្លាំងទាហានរុស្ស៊ី ចំនួន ៣០ ១៥០នាក់ បានស្លាប់ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។

ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា ក្រៅពីធ្វើឲ្យកម្លាំងទាហានរុស្ស៊ី បាត់បង់ជីវិត អស់រាប់ម៉ឺននាក់នោះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក៏បានកម្ទេចគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន រួមមាន រថក្រោះ ចំនួន ១ ៣៣៨គ្រឿង, យន្ដហោះចម្បាំង ចំនួន២០៧គ្រឿង ឧទ្ធម្ភាគចក្រ ចំនួន ១៧៤គ្រឿង ប្រព័ន្ធមីស៊ីល ចំនួន១១៦គ្រឿង រថចម្បាំង ចំនួន ៣ ២៧០គ្រឿង។

ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី នៅមិនទាន់បានប្រតិកម្មភ្លាមៗ ជុំវិញការលើកឡើងរបស់ភាគីអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែក្រុងគៀវ ក៏មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន បាត់បង់ជីវិត នៅក្នុងសង្គ្រាម អស់រយៈពេលជាង៣ខែកន្លងមកនេះដែរ៕