ពិតជាគួរឱ្យភ្ញាក់ផ្អើលក្រោយមានសេចក្ដីប្រកាសថានៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ាន បានធ្វើការរឹបអូសនូវគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ត្រឹមតែរយៈពេលតែមួយឆ្នាំ រហូតដល់ ១,០០០លានគ្រាប់ ដែលក្លាយជាកំណត់ត្រាច្រើនមិនធ្លាប់មានកន្លងមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានសេចក្ដីរាយការមកថា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម អង្គការសហប្រជាជាតិ (UNODC) បាននិយាយថា នៅឆ្នាំ២០២១ មានការ រឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Methamphetamine) សរុបចំនួន ១,០០០លានគ្រាប់នៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រចំនួនច្រើនជាងគេមិនធ្លាប់មាន។ ក្នុងនោះគេបានឱ្យដឹងថាចំនួនថ្នាំរហូតដល់១,០០០លានគ្រាប់នេះ មានទម្ងន់ជិត ១៧២ តោន ដែលច្រើនជាង ៧ ដងនៃចំនួនថ្នាំមេតំហ្វេតាមីនដែលរឹបអូសបានក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីជាង១០ឆ្នាំមុន។

ការផលិតថ្នាំញៀនដ៏ច្រើននិងបានចរាចរណ៍នៅក្នុងតំបន់អាស៊ានដ៏ច្រើនសន្ធឹកសន្ទាប់នេះឡើងមកត្រូវបានមជ្ឈមណ្ឌល បញ្ហាគ្រឿងញៀនបានសិក្សា និងបញ្ជាក់ថា វាជាការឆ្លៀតឱកាសរបស់ក្រុមឧក្រិដ្ឋជនទាញយកផលប្រយោជន៍ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងការជួញដូរគ្រឿងញៀន គួបផ្សំនឹងតម្លៃទីផ្សារឱសថចុះទាបជាប្រវត្តិសាស្ត្រក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃជាលទ្ធផលការជួញដូរថ្នាំញៀនបានរីករាលដាលពាសពេញប្រទេសក្នុងតំបន់អាស៊ានទាំងអស់។

ទោះជាយ៉ាងណាការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន នៅតែខិតខំព្យាយាមបន្តទប់ស្កាត់ការជួញដូរគ្រឿងញៀននៅក្នុងតំបន់កុំឱ្យមានការចែកចាយ និងចាត់វិធានការគ្រប់ប្រភេទក្នុងការទប់ស្កាត់ការប្រើប្រាស់នូវសារធាតុញៀនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ៕ ប្រភព៖ Khaosod