គំនូរ Mona Lisa ជាគំនូរដ៏ល្បីលើពិភពលោក តែត្រូវបានបុរសម្នាក់ក្លែងខ្លួនធ្វើជាស្ត្រីចំណាស់ អង្គុយនៅលើរទេះរុញ ក្រោយមកគេបានព្យាយាមបំផ្លាញគំនូរមួយនេះ ប៉ុន្តែសំណាងល្អមានប្រព័ន្ធកញ្ចក់សុវត្ថិភាពការពារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។


មហាជនគ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងរូបគំនូរ Mona Lisa  ដែលវាគឺជាគំនូរដ៏ល្បី បំផុតមួយក្នុងពិភពលោក  គូរដោយវិចិត្រករដ៏ឆ្នើមលោក Leonardo Da Vinci  ហើយពេលបច្ចុប្បន្ន Mona Lisa កំពុងដាក់តាំងបង្ហាញនៅសារមន្ទីរ Louvre  នៃប្រទេសបារាំង ដោយការដាក់តាំងនេះមាន​មនុស្សរាប់ពាន់នាក់បានទៅទស្សនាពីភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និងភាពទាក់ទាញរបស់វាជារៀងរាល់ថ្ងៃ។

ស្រាប់តែកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ មានសេចក្ដីរាយកាណ៍មកថា មានបុរសម្នាក់ក្លែងស្លៀកពាក់ជាស្ត្រីចំណាស់ បានព្យាយាមបំផ្លាញរូបគំនូរ Mona Lisa  ដោយដំបូងឡើយបុរសនោះហាក់ដូចជាកំពុងអង្គុយលើរទេះរុញ មុននឹងក្រោកពីលើរទេះ គេបានដោះសក់ពាក់ចេញ និងបានដើរសំដៅទៅរក Mona Lisa ជាមួយនឹងនំខេកនៅក្នុងដៃ ហើយធ្វើសកម្មភាពប៉ាតទៅលើរូបគំនូរនោះភ្លាមៗ ក្នុងគោលបំណងបំផ្លាញរូបគំនូរនេះចោល។ ប៉ុន្តែសំណាងល្អនំខេកមិនបានប៉ះពាល់ដល់សិល្បៈគំនូរមួយផ្ទាំងនេះនោះទេ ព្រោះតែវាត្រូវបានការពារដោយស្រទាប់នៃកញ្ចក់ tempered ។

យ៉ាងណាមិញក្រោយពីមានករណីនេះកើតឡើងសន្តិសុខបានប្រញាប់ទៅដល់កន្លែង កើតហេតុ ហើយក៏ធ្វើការបណ្តេញបុរសរូបនោះចេញពីបន្ទប់តាំងគំនូរភ្លាមៗ និងរងចាំធ្វើការសាកសួរចម្លើយបន្ថែម។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Mona Lisa ត្រូវបានគេប៉ងបំផ្លាញ ព្រោះនៅក្នុងឆ្នាំ ១៩៥៦ មានគេបានចាក់អាស៊ីតស៊ុលហ្វួរិកលើគំនូរមួយផ្ទាំងនេះ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្នែកខាងក្រោម ជាលទ្ធផល សារមន្ទីរបានសាងសង់កញ្ចក់កំដៅដើម្បីការពារផ្ទាំងគំនូរពីគ្រោះថ្នាក់ផ្សេង៕ ប្រភព៖ Khaosod