ទីក្រុងប៊្រុសសែលស៍(Brussels)៖ នៅទីបំផុត បណ្ដារដ្ឋជាសមាជិកទាំង២៧របស់សហភាពអឺរ៉ុប បានព្រមព្រៀង ដាក់កញ្ចប់ទណ្ឌកម្មជាថ្មី លើការនាំចូលប្រេង មកពីប្រទេសរុស្ស៊ី ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន ជំរុញឲ្យមានកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំ ប្រឆាំងនឹងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសរបស់គាត់។

សារព័ត៌មាន RFERL បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ថា លោក ឆាលស៍ មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ទាំង២៧ បានឯកភាព លើកញ្ចប់ទណ្ឌកម្មថ្មីមួយ ដោយកាត់បន្ថយភ្លាមៗនូវការនាំចូលប្រេង ច្រើនជាង២ភាគ៣ មកពីរុស្ស៊ី ចូលមកកាន់ប្លុកនេះ។ ការហ៊ុមព័ទ្ធនេះ គ្របដណ្ដប់តែលើប្រេងរបស់រុស្ស៊ី ដែលនាំចូលតាមសមុទ្រ ដោយអនុញ្ញាតឱ្យមានការលើកលែងជាបណ្ដោះអាសន្ន សម្រាប់ការនាំចូលតាមបំពង់បង្ហូរប្រេង។ ប៉ុន្ដែលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអះអាងថា កិច្ចព្រមព្រៀងសម្របសម្រួលនេះ សម្រេចបានក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុសសែលស៍ ដោយបានកាត់បន្ថយនូវប្រភពហិរញ្ញប្បទានដ៏ធំ សម្រាប់ការសង្គ្រាមរបស់រុស្ស៊ីផងដែរ។null

លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប ក៏បានយល់ព្រមកាត់ផ្តាច់នូវធនាគារដ៏ធំជាងគេរបស់រុស្ស៊ីធំ គឺ Sberbank ចេញពីប្រព័ន្ធផ្ញើសារ SWIFT និងហាមឃាត់ដល់បណ្ដាញផ្សាយរបស់រដ្ឋរុស្ស៊ី ចំនួនបីបន្ថែមទៀត ហើយមានការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល ទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) នៅមុននេះបានប្រាប់ដល់មេដឹកនាំសហភាពអឺរ៉ុប ថា កញ្ចប់ទណ្ឌកម្មទី៦របស់សហភាពអឺរ៉ុប ត្រូវតែយល់ព្រម ហើយត្រូវតែរាប់បញ្ចូលទាំងប្រេង «ដើម្បីជំរុញឱ្យរុស្ស៊ី មានអារម្មណ៍ថា គ្មានមានតម្លៃ សម្រាប់អ្វីដែលក្រុងមូស្គូ កំពុងតែធ្វើ ប្រឆាំងនឹងអ៊ុយក្រែន និង អឺរ៉ុបទាំងមូល។ ប្លុកនេះ នឹងលែងពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន ក៏បានជំរុញឱ្យមេដឹកនាំសហភាពអឺរ៉ុប បង្ហាញនូវភាពរឹងមាំ ខណៈពួកគេធ្វើការឆ្ពោះទៅរកការអនុម័តកញ្ចប់ទណ្ឌកម្មថ្មី ដោយនិយាយថា «ជម្លោះផ្ទៃក្នុង» បានត្រឹមតែផ្តល់ផលប្រយោជន៍ដល់ក្រុងម៉ូស្គូ តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSNOG1_hJQZXW6k3ze1Cs39XVR-sg3PBwYBGqjDxzpUwCF3iHYyj7VlTbgtNBt_ckFTEL0aXdtjSRw0fhcwkkbVehDvkMvskgv_4cIKgHOK53vCZe-EqjY3D--jbho2EnzaEwA_QXbrtsFt54Cbd-yzskJDa4DSHmS7fakdszbG1QKDAOneutxd3MP/s1024/photo_2022-05-31_08-59-31%20(2).jpg