ប្រទេសថៃ៖ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានការបង្ហោះនូវរូបថតរបស់លោកតាលោកយាយដែលមានវ័យចំណាស់ទៅហើយ ប៉ុន្តែបែរជាឃើញថតរូប Pre​- Wedding ដូចជាកូនកំលោះកូនក្រមុំដែលថតត្រៀមរៀបការយ៉ាងស្រស់ស្អាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ទាក់ទងនឹងការថតនូវឈុតរៀបការនេះផងដែរពិតជាបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គម។ ដោយលោកតាមានវ័យ៨៦ឆ្នាំ និងលោកយាយមានអាយុ៨៥ឆ្នាំ ពួកគាត់ទាំងពីរបានព្រមព្រៀងគ្នារៀបចំស្លៀកពាក់នូវឈុតរៀបការនេះយ៉ាងស្រស់ស្អាត បន្ទាប់ពីលោកអិតិផាន់ មានវ័យ៣៦ឆ្នាំ ដែលជាអ្នកថតរូប និងជាអ្នកជិតខាងរបស់លោកតា លោកយាយទាំងពីរផងនោះ គាត់ក៏បានធ្វើការសួរនាំប្ដីប្រពន្ធទាំងពីរថាធ្លាប់មានរូបថតរៀបការដែរឬទេ? ពួកគាត់ក៏ប្រាប់ថា គាត់ស្រឡាញ់គ្នា ហើយក្លាយជាប្ដីប្រពន្ធនឹងគ្នាអស់រយៈពេល ៦៥ឆ្នាំមកហើយគឺគ្មានរូបថតរៀបការនោះទេ។ ឮដូចនោះលោកអិតិផាន់ ដែលជាអ្នកថតរូបជំនាញម្នាក់ ហើយសង្សាររបស់លោកក៏ជាអ្នកផាត់មុខ និងជាអ្នកជួលរ៉ូបកូនក្រមុំផងនោះក៏បានសហការគ្នា ស្ម័គ្រចិត្តរៀបចំធ្វើខ្លួន និងថតឈុតរៀបការ ដើម្បីបំពេញក្ដីស្រមៃឱ្យពួកគាត់ទាំងពីរដែលមិនធ្លាប់បានស្លៀកឈុតរៀបការនេះកន្លងមក។

ការថតនូវឈុតរៀបការនេះបានធ្វើឱ្យពួកគាត់ពិតជាមានក្ដីសុខ និងភាពរីករាយជាខ្លាំង ជាមួយនឹងរ៉ូបកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាត ។

យ៉ាងណាមិញមហាជនបន្ទាប់ពីបានឃើញនូវរូបថតរបស់លោកតាលោកយាយហើយពិតជាមានក្ដីរំភើប និងស្ងើចសរសើរពីសេចក្ដីសេ្នហារបស់ពួកគាត់ដែលស្រឡាញ់គ្នាមិនចេះប្រែប្រួលអស់រយៈពេលជាច្រើនឆ្នាំ៕ Sanook