អេស្ប៉ាញ៖ មានសេចក្ដីរាយការណ៍មួយបានប្រមានដល់អ្នកដែលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញទាំងអស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសត្វរុយក្បាលខ្មៅ ឬ Black Flies មួយប្រភេទអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីមានករណីបុរសជនជាតិអង់គ្លេសម្នាក់ធ្វើដំណើរកម្សាន្តចូលក្នុងប្រទេសនេះ ហើយត្រូវបានវាខាំរហូតចេញជារោគសញ្ញាយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។


ក្រោយពីមានករណីនេះកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីមានបុរសជនជាតិអង់គ្លេសម្នាក់បានចូលទៅក្នុងប្រទេសនេះដើម្បីធ្វើដំណើរកម្សាន្តនៅទីនោះ ក៏ស្រាប់តែមានសត្វរុយក្បាលខ្មៅមួយក្បាលបានខាំស្បែករបស់គាត់ រហូតចេញជារោគសញ្ញាយ៉ាងធ្ងន់ធ្ងរ ដូចជាហើមកន្ទោលលើស្បែក រហូតដល់ហើមសាច់ដុំភ្នែក ដែលស្ទើរតែ​ខ្វាក់ភ្នែក តែត្រូវជួយសង្គ្រោះទាន់។

យោងតាមអង្គការសុខភាពពិភពលោក WHO បានបញ្ញាក់ថាមនុស្សជាង២៧០,០០០ នាក់នៅទូទាំងពិភពលោកត្រូវបានសត្វរុយក្បាលខ្មៅប្រភេទនេះខាំ រហូតដល់ពិការភ្នែក។ក្នុងនោះវាបានចាប់ផ្តើមដោយការសាយភាយសារធាតុស្ពឹកចូលទៅក្នុងស្បែករបស់មនុស្ស ដែលអនុញ្ញាតឱ្យវាខាំយើងដោយមិនដឹងខ្លួន ហើយទឹកមាត់របស់ពួកវាគឺជាសារធាតុម្យ៉ាងដែលបណ្តាលឱ្យមានប្រតិកម្មអាលែកហ្សី និងការឈឺចាប់ខ្លាំងនៅកន្លែងដែលបានខាំ បន្ទាប់មកមុខរបួសក្លាយទៅជាដំបៅជ្រៅ ហើយជារឿយៗនឹងមានការហូរឈាម ជាមួយគ្នានោះវានឹងបង្កឱ្យមានការហើមជាច្រើនខែ  មិនតែប៉ុណ្ណោះក្នុងករណីខ្លះអាចមានសភាពធ្ងន់ធ្ងររហូតដល់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ទាក់ទងនឹងករណីនេះផងដែរបានធ្វើឱ្យអាជ្ញាធរនៅក្នុងប្រទេសអង់គ្លេសបានអំពាវនាវដល់អ្នកធ្វើដំណើរចូលទៅក្នុងប្រទេសអេស្ប៉ាញទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសត្វរុយក្បាលខ្មៅមួយប្រភេទនេះ ជាពិសេសអ្នកដែលបានទៅតំបន់ Andalusia នៅភាគខាងត្បូង Aragon នៅភាគឦសាន និងតំបន់ស្វយ័ត Catalonia (Cataluna), តំបន់ Murcia ភាគអាគ្នេយ៍ និងតំបន់ Valencia ដែលសម្បូរសត្វរុយជាច្រើនប្រភេទរស់នៅតំបន់ទាំងអស់នេះ៕ ប្រភព៖ Khaosod