ប្រទេសថៃ៖ មានករណីដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងក្រោយពីកូនប្រុសអកតញ្ញូម្នាក់លួចកាត អេ ធី អ៊ិម (ATM)របស់ម្ដាយមានវ័យចាស់ជរាទៅដកលុយរាប់សែនបាតទៅបាចលេងមុខផ្សារ ព្រមទាំងទិញរបស់របរចែកជូន អ្នកលក់ដូរក្នុងផ្សារដែលរស់នៅក្នុងតំបន់នោះជាមួយគ្នា រហូតម្តាយអំពាវនាវដល់អ្នកដែលបានរើសលុយរបស់គាត់យកមកសងគាត់វិញ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ទាក់ទងនិងករណីកូនលួចលុយម្ដាយនេះផងដែរបានកើតឡើងនៅក្នុងខេត្ត បុរីរាម ក្នុងប្រទេសថៃ ដោយលោកយាយដែលមានឈ្មោះថា សោមវាំង (Somwang)មានវ័យ៧០ឆ្នាំ ត្រូវបានកូនប្រុសកំហូចមានឈ្មោះថា វុតធីសាក់(Wuttisak) អាយុ៣៩ឆ្នាំ លួចកាត អេ ធី អ៊ិម (ATM) យកទៅដកប្រាក់ចំនួនរហូតទៅដល់ ២០០,០០០ បាតយកទៅបាចលេងនៅមុខផ្សារ ព្រមទាំងយកលុយទិញរបស់របរ ក៏ដូចជាបាយចែកជូនអាជីវករនៅក្នុងផ្សារគ្រប់ៗគ្នា។ ទង្វើនេះបានបង្ហាញនៅក្នុងកាំមេរ៉ាសុវត្តិភាពនៅមុខផ្សារនោះ ទើបម្ដាយចាស់ជរាម្នាក់នេះបានអំពាវនាវដល់អ្នកដែលបានរើសលុយរបស់គាត់មកប្រគល់ជូនគាត់វិញ ព្រោះអ្នកដែលបានរើសលុយ ក្នុងផ្សារនោះបានបង្ហាញមុខយ៉ាងច្បាស់ៗនៅក្នុងកាំមេរ៉ាមុខផ្សារនោះ បើមិនដូច្នេះទេនិងធ្វើទៅតាមផ្លូវច្បាប់។

ក្នុងនោះផងដែរក្រោយពីមានការប្រកាសអំពាវនាវបែបនេះហើយក៏មានអ្នកបានរើសលុយរបស់លោកយាយកន្លងមក យកលុយមកសងវិញបានចំនួន២,៩០០បាតហើយ។

យ៉ាងណាមិញលោកយាយ សោមវ៉ាង់ ក៏បានបញ្ជាក់ថាកូនប្រុសរបស់គាត់គឺជាមនុស្សខិលខូច ចូលចិត្តបំផ្លាញនូវទ្រព្យសម្បត្តិផ្សេងៗក្នុងគ្រួសារ ហើយលោកយាយមានក្ដីបារម្ភជាខ្លាំងជាមួយនឹងកូនប្រុសម្នាក់នេះ ដោយគាត់គិតថាប្រសិនជាថ្ងៃអនាគតគាត់មិននៅកូនប្រុសម្នាក់នេះនិងលក់ផ្ទះលក់ដីយកលុយបំផ្លាញជាក់ជាមិនខាន ទើបលោកយាយ​អំពាវនាវរកអ្នកដែលអាចអប់រំឬបង្រៀនប្រៀនប្រដៅឱ្យកូនរបស់គាត់អាចកែខ្លួនក្លាយជាមនុស្សល្អមកវិញ៕ ប្រភព៖ Khoasod