រដ្ឋធានីមូស្គូ៖ ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយលុកយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន នោះ ក៏មានសេចក្ដីរាយការណ៍ថា ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងត្រូវទទួលការវះកាត់ នៅក្នុងមន្ទីរពេទ្យ ហើយអំណាចរបស់គាត់ នឹងត្រូវប្រគល់ទៅឲ្យមនុស្សជំនិតរបស់គាត់។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា បើតាមបណ្ដាញផ្សព្វផ្សាយ នៅក្នុងអំឡុងពេលសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន បានអះអាងថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី អាចនឹងទទួលការវះកាត់ជំងឺមហារីក ហើយគាត់នឹងប្រគល់អំណាច ជាបណ្ដោះអាសន្នទៅលោក ណីកូលៃ ប៉ាទ្រូសែវ (Nikolai Patrushev) លេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិរុស្ស៊ី។

សារព័ត៌មាន New York Times បានផ្សាយ ដោយដកស្រង់ប្រភព ពីបណ្តាញ Telegram ដែលគ្រប់គ្រងដោយអតីតឧត្តមសេនីយ៍ឯកផ្នែកសេវាចារកម្មបរទេសរបស់រុស្ស៊ី ថា ថ្មីៗនេះ លោក ពូទីន ត្រូវបានគ្រូពេទ្យប្រាប់ថា មេដឹកនាំវិមានក្រឹមឡាំង ត្រូវតែទទួលការវះកាត់។

សេចក្ដីរាយការណ៍នេះ បានបន្ថែមថា ការវះកាត់ និង ការជាសះស្បើយ ត្រូវគេរំពឹងទុកថា នឹងធ្វើឱ្យលោក ពូទីន បាត់បង់សមត្ថភាព នៅក្នុងរយៈពេលខ្លី។ បើផ្អែកលើរាងកាយ និង អាកប្បកិរិយាមិនសមរម្យ នៅតាមទីសាធារណៈរបស់លោក ពូទីន នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គឺសារព័ត៌មាន New York Times ( NYT) បានកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេនិយាយ តាមពាក្យចចាមអារ៉ាមថា ទទួលរងគ្រោះ ពីជំងឺមហារីក រួមជាមួយជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ដូចជា ជំងឺផាកឃីនសុន (Parkinson ) ជាដើម។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានអះអាងថា សេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការវះកាត់របស់លោក ពូទីន មិនមានការបញ្ជាក់ ពីអ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ចន ឃើប៊ី (John Kirby) បានទេ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍នោះ គឺមន្ត្រីអាមេរិក បានបញ្ជាក់ថា «ខ្ញុំមិនបានឃើញអ្វីដែលអាចជួយយើង បញ្ជាក់អំពីអំពីករណីនេះបានទេ»។

ដោយឡែក វិមានក្រឹមឡាំង ក៏មិនមានការអះអាង អំពីបញ្ហាសុខភាពរបស់លោក ពូទីន នោះឡើយ៕