រដ្ឋធានីហាណូយ៖ ការិយាល័យស្ថិតទូទៅរបស់វៀតណាម ហៅកាត់ GSO បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា ចំណូលនាំចូល-នាំចេញរបស់វៀតណាម នៅក្នុងរយៈពេលបួនខែដំបូង នៃឆ្នាំ២០២២ សម្រេចបានជាង២៤២ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយក្នុងនោះការនាំចេញ សរុប ១២២,៣ពាន់លានដុល្លារ និង ការនាំចូល សរុប១១៩,៨ពាន់លានដុល្លារ ដែលនាំឲ្យអតិរេកពាណិជ្ជកម្ម ចំនួន២,៥៣ពាន់លានដុល្លារ។

សារព័ត៌មាន Vietnam News បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ថា ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២២នេះ ការនាំចេញរបស់វៀតណាម កើនដល់១៦,៤ភាគរយ និង ការនាំចេញ ចំនួន១៥,៧ភាគរយ។ ចំណែកអតិរេកលាភពាណិជ្ជកម្ម ចំនួន២,៥៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានកត់ត្រា សម្រាប់រយៈពេលនេះ មានភាពល្អប្រសើរឡើង គួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមាន ចំនួន១,៥ពាន់លានដុល្លារ។

របាយការណ៍របស់ការិយាល័យស្ថិតទូទៅរបស់វៀតណាម ហៅកាត់ GSO បានបញ្ជាក់ថា ប្រាក់ចំណូលរបស់វៀតណាម សម្រាប់ខែមេសា មានចំនួន៦៥,៤ពាន់លានដុល្លារ ថយចុះ២,៩ភាគរយ ធៀបនឹងខែមីនា ប៉ុន្ដែកើនឡើង ២០ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ចំណែកការនាំចេញ កើនឡើង ២៥ភាគរយ ជាមួយនឹងកំណើនក្នុងស្រុក ២០,៥ភាគរយ និង បរទេស ២៦,៦ ភាគរយ។

ដោយឡែក ការនាំចូលបានធ្លាក់ចុះ ១,៥ភាគរយ នៅខែមីនា មកនៅត្រឹមជិត ៣២,២ពាន់លានដុល្លារ ជាមួយនឹងការនាំចូលក្នុងស្រុក ១១,០២ពាន់លានដុល្លារ និង ក្រៅស្រុក ២១,១៧ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ ចំណូល ពីការនាំចូល មានចំនួន១១៩,៨៣ពាន់លានដុល្លារ ដោយកើនឡើង១៥,៧ភាគរយ ក្នុងមួយឆ្នាំៗ ជាមួយនឹងការនាំចូលក្នុងស្រុក ចំនួន៤០,៩៧ពាន់លានដុល្លារ និង ក្រៅស្រុក ៧៨,៨៦ពាន់លានដុល្លារ ដោយកើនឡើង ១៦,៤ភាគរយ។ ការនាំចូលរបស់ប្រទេសវៀតណាម បានបង្កើតឡើង ភាគច្រើនជាសម្ភារសរុប (ចំនួន៩៣,៩ភាគរយ) រួមទាំងឧបករណ៍ និងគ្រឿងម៉ាស៊ីន វត្ថុធាតុដើម ហើយទំនិញប្រើប្រាស់។

សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងចំណូល ត្រូវបានប៉ាន់ប្រមាណ ចំនួន៣៥,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈចិនក្លាយជាទីផ្សារនាំចូលដ៏ធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ជាមួយនឹងទឹកប្រាក់ ៣៧,១ពាន់លានដុល្លារ នៅក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២២។ វៀតណាម បានកត់ត្រាអតិរេកលាភពាណិជ្ជកម្ម ១០,៤ពាន់លានដុល្លារ ដោយកើនឡើង ចំនួន៣៦,៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈកត់ត្រាឱនភាពពាណិជ្ជកម្ម ១៨ពាន់លានដុល្លារ ជាមួយប្រទេសចិន (កើនឡើង២ភាគរយ), ជាមួយកូរ៉េខាងត្បូង ចំនួន១៥,២ពាន់លានដុល្លារ (កើនឡើង៥៨,៣ភាគរយ), ជាមួយប្លុកអាស៊ាន ៥,៨ពាន់លានដុល្លារ (កើនឡើង១៥,៤ភាគរយ និង ជាមួយជប៉ុន ០,៧៩ពាន់លានដុល្លារ (កើនឡើង ៥៧,៧ភាគរយ)៕