ភ្នំពេញ៖ ដូចជាមានការផ្ទុះឡើងវិញហើយករណីបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនបាននាំគ្នាក្រាលកន្ទេលជួបជុំគ្នាបរិភោគអាហារ ផឹកស៊ី រហូតឈានដល់ការដាក់ធុងបាស់ស្ដាប់ចម្រៀងលាន់លឺត្រហឹងអឺងកងនៅជុំវីញទីធ្លាព្រលានយន្ដហោះអន្តរជាតិ ដែលទង្វើទាំងអស់នេះមើលទៅពិតជាខុសឆ្គងមែនទែន ដោយតម្រូវឲ្យបញ្ឈប់ជាបន្ទាន់។

ជាក់ស្ដែងបើយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ឲ្យដឹងថា៖ «មុននេះ​ខ្ញុំ​ជូនកូនស្រី​ឡេីងយន្តហោះ​ទៅក្រៅ​ប្រទេស​ ខ្ញុំ​ឃេីញទិដ្ឋភាព​ផឹកស៊ី​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញច្រេីន​ ។ ខ្ញុំ​ឆ្ងល់​ថា​ ពេល​មកទទួល​បងប្អូន​កូនចៅ​មកពីក្រៅ​ប្រទេស​ សុទ្ធតែ​ដឹង​ពេល​វេលា​ច្បាស់​លាស់​ យន្តហោះ​ចុះចតម៉ោងប៉ុន្មាន​ ? ថ្ងៃ​ណា​ ? ហេតុអ្វី​មុននឹង​ចេញមក​ទទួល​មិននាំគ្នា​ហូបបាយពីផ្ទះអោយហេីយ​ ? បេីផ្ទះនៅខេត្តឆ្ងាយ​ ខ្ចប់​បាយមកហូប​ ម្ដេចមិនរកកន្លែង​ណាផ្សេងក្រៅពី ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ?

បងប្អូន​មានគិតថា​ មាន​អារម្មណ៍​ខ្មាសអៀន​ខ្លះទេ​ ដែល​នាំគ្នា​ផឹកស៊ី​ពេញព្រលានយន្តបែបនេះ​ ? តេីយេីងយកមុខទៅទុកនៅឯណាពេល​ភ្ញៀវ​អន្តរជាតិ​ឃេីញទិដ្ឋភាព​បែបនេះ​ ? គួរតែ​ឈប់​ទៅបងប្អូន​អេីយ​ អាណិត​មុខមាត់​ជាតិ​យើង​ខ្លះ​ផង​ ។

សន្តិសុខ​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ មេត្តា​ពិនិត្យមើល​ករណី​នេះ​ផង​ មិនគួរអោយមានបែបនេះទេ​ អាក្រក់​ភ្នែក​ខ្លាំងណាស់​» ៕