ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញ​វិនិយោគលើ​វិស័យ​យានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ នេះ ដោយមានការចូលរួមដោយក្រុមការងារអន្តរក្រសួង-ស្ថាប័ន បានសហការជាមួយ​ការិយាល័យ​បរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ ​នៃចក្រភពអង់គ្លេស និងក្រុមហ៊ុន BCG។

កិច្ចប្រជុំបានរៀបចំឯកសារចំនួនពីរ ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិត​ផ្តួចផ្តើម ​សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត ​និងអេឡិចត្រូនិក។

ឯកសារទី១ គឺ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ ​និងទាក់ទាញវិនិយោគលើវិស័យយានយន្ត” មានគោល​បំណង​អភិវឌ្ឍន៍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និង​សកល និងជាពិសេសប្រែក្លាយកម្ពុជា​ទៅជាមជ្ឈមណ្ឌលផលិត​គ្រឿងផ្គុំ​យានយន្ត ព្រមទាំង​ជំរុញការផលិតគ្រឿងផ្គុំយានយន្ត ​ដែលមានលក្ខណៈ​ស្មុគស្មាញ​ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។

ចំណែកឯកសារទី២ គឺ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យ​អេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជា​ទៅ​ជាមជ្ឈមណ្ឌល​ផលិតគ្រឿង​អេឡិចត្រូនិក ​ដែលមានសមាហរណកម្មខ្ពស់ ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើន​ប្រភេទ, ផលិតគ្រឿងបង្គុំពាក់​កណ្តាលសម្រេច​ និងផលិតផលសម្រេច ដើម្បីបម្រើទីផ្សារនាំចេញ​ក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​ប្រធានអង្គប្រជុំ ​បានស្នើឱ្យក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការជាមួយបក្រុមហ៊ុន BCG និងកែសម្រួលសេចក្តីព្រាងផែនទី​បង្ហាញផ្លូវនេះ​ ស្របតាមស្មារតី​នៃអង្គប្រជុំ ​ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងបន្តនីតិវិធីគោរព​ស្នើសុំ​ការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ៕