ភ្នំពេញ៖ ៣ខែដើមឆ្នាំ២០២២ កម្ពុជា​ទទួលបានចំណូលពីពន្ធដារ ប្រមាណជាង១ ២០០លានដុល្លារ។ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននេះ គឺមានការកើនឡើងចំនួន ២២,២៥ភាគរយ បើធៀបនឹងគ្រាដូចគ្នា​ កាលឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធអាករចូលថវិកាជាតិ បានចំនួន ១ ២៦៣,០៧លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២។ តួលេខនេះ សម្រេចបាន​អត្រា៤៤,៨០ភាគរយ នៃផែនការកំណត់ ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ កាលពីថ្ងៃទី១៩ មេសា។

ចំណូលតាម​ប្រភេទពន្ធនិង​អាករ ដែលប្រមូលបាន រួមមាន៖ ពន្ធលើប្រាក់ចំណូលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង៦៦៧លានដុល្លារ កើនឡើង២៣,៦០ភាគរយ, អាករតម្លៃបន្ថែម(VAT) ជាង១៩១លានដុល្លារ កើនឡើង ១៥,១៤ភាគរយ, អាករពិសេស ជាង៧៣លានដុល្លារ កើនឡើង១៥,៨៦ភាគរយ, ពន្ធលើប្រាក់បៀវត្ស ជាង៧៧លានដុល្លារ កើនឡើង២១,១៨ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលទ្រព្យ ជាង៥៥លានដុល្លារកើនឡើង ៣៥,១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា​​ ការសម្រេចនូវលទ្ធផលនេះអាស្រ័យលើប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ចល្អ ​ជាមួយការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងការភ្ជាប់កម្មវិធីលើទូរស័ព្ទដៃ ផ្តល់លទ្ធភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ និងទទួលបានព័ត៌មានថ្មីៗ ពីពន្ធដារ ៕