ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយពីភាពល្បីល្បាញនៃបង្អែបបាយដំណើបស្វាយទុំបន្ទាប់ពីតារាចម្រៀងស្រី Milli នាងបានយកបង្អែមមួយមុខនេះទៅបរិភោគលើឆាកប្រគុំតន្ត្រី Coachella Valley Music and Arts Festival ២០២២ នៅអាមេរិក ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ ទើបធ្វើឱ្យបង្អែមបាយដំណើបស្វាយទុំ មានប្រជាប្រិយភាពជាខ្លាំង រហូតធ្វើឱ្យអង្ករដំណើបចាប់ផ្ដើមមានសន្ទុះលក់ដាច់ខុសពីធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានNME។

ភាពល្បីល្បាញនៃបង្អែមបាយដំណើបបានរីកសាយភាយពេញប្រទេសថៃ រហូតរាជរដ្ឋាភិបាលគ្រោងនឹងស្នើអង្ការយូណេស្កូដាក់បញ្ចូលមុខបង្អែមនេះជាសម្បត្តិវប្បធម៌ជាតិនៃប្រទេសថៃផងដែរ។ បន្ថែមពីនោះបន្អែមនេះបានធ្វើឱ្យប្រជាជនថៃទាំងមូលសម្រុកនាំគ្នាទៅទិញភ្លក់នូវរសជាតិដ៏ឆ្ងាញ់ពិសាររបស់វាជាច្រើនកុះករ ដែលតម្រូវ​ឱ្យអាជីវករលក់បង្អែមគ្រប់ទីកន្លែងនៃប្រទេសថៃត្រូវតែធ្វើបង្អែមបាយដំណើបនេះក្នុងបរិមាណច្រើនសម្រាប់មួយថ្ងៃៗ ដូច្នេះការលក់បង្អែមដែលមានរួមផ្សុំបាយដំណើបជាមួយនឹងស្វាយទុំបែបនេះ បានធ្វើឱ្យអង្ករដំណើបក្នុងស្រុកកាន់តែលក់ដាច់ខុសពីធម្មតា ។

យោងតាមសេចក្ដីរាយការរបស់អ្នកតំណាងក្រុមហ៊ុន Line Man ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារដ៏ធំមួយក្នុងប្រទេសថៃ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនខ្លួនបានបញ្ជាទិញអង្ករដំណើបពីអាជីករ ក៏ដូចជាកសិករនៅខេត្ត ឈៀង ម៉ៃ រហូតដល់ទៅ៣ដងក្នុងរយៈពេលត្រឹមតែ២៤ ម៉ោង នេះក៏ព្រោះតែតម្រូវការច្រើនខ្លាំងពេក។

ជាមួយគ្នានេះដែរ អ្នកស្រី Kraison Chansa វ័យ ៤៩ឆ្នាំ ជាអាជីវករលក់អង្ករនៅខេត្តឈៀងម៉ៃ បានប្រាប់ថា ចាប់តាំងពីមានភាពល្បីល្បាញជុំវិញបង្អែមបាយដំណើបស្វាយទុំ ដែលតារាចម្រៀង Milli យកទៅបង្ហាញនៅលើឆាកអន្តរជាតិរួចមក ខ្លួនបានលក់អង្ករដំណើបដាច់ កើនឡើងរហូតទៅដល់៥០ភាគរយដែលជាទិន្នន័យលក់ដាច់ខ្ពស់ខុសពីធម្មតាត្រឹមតែរយៈពេលមួយប៉ប្រិចភ្នែក។

ទន្ទឹមគ្នានេះផងដែរ អាជីវករជាច្រើន មិនថាអ្នកលក់បង្អែម ឬអ្នកលក់អង្ករដំណើបទេ ពិតជាមានក្ដីរំភើបរីករាយ ព្រមទាំងបាននិយាយអរគុណទៅកាន់តារាចម្រៀងស្រី Milli ដែលបានធ្វើឱ្យឈ្មោះបង្អែមមួយមុខនេះមានប្រជាប្រិយភាព និងល្បីល្បាញកាន់តែខ្លាំងទាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេស ៕