អន្តរជាតិ៖ នាយកដ្ឋាននគរបាលក្រុងហូជីមិញ បានបញ្ចប់ការស៊ើបអង្កេត និងផ្ទេរឯកសារទៅអយ្យការនៃកម្រិតដូចគ្នា ដើម្បីស្នើសុំការកាត់ទោសជនជាប់ចោទទាំង២នាក់ ក្នុងករណីវាយក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិត ​នៅ​ផ្ទះ​ល្វែង​ក្នុង​សង្កាត់ Binh Thanh ក្រុង​ហូជីមិញ ប្រទេសវៀតណាម។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន 2sao.vn

បច្ចុប្បន្ន KLD បានស្នើឱ្យកាត់ទោសនាង Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ដែលជាគូកំណាន់របស់ឪពុកក្មេងស្រីរងគ្រោះ ពីបទមនុស្សឃាត និងធ្វើទារុណកម្មអ្នកដទៃតាមមាត្រាលេខ ១២៣ និង ១៤០ នៃក្រមព្រហ្មទណ្ឌ។ ចំណែក លោក Nguyen Kim Trung Thai អាយុ ៣៦ ឆ្នាំដែលត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះត្រូវបានស្នើឱ្យកាត់ទោសពីបទធ្វើទារុណកម្មអ្នកដទៃ និងលាក់បាំងឧក្រិដ្ឋកម្ម តាមមាត្រាលេខ ១៤០ និង ៣៨៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកដែលថា លោក Thai ​បាន​លែង​លះ​ប្រពន្ធ​ដំបូង​កាល​ពី​ឆ្នាំ​មុន ។ ចាប់​តាំង​ពី​ពេល​នោះ​មកលោក និង​នាង Trang បាន​ទៅ​រស់​នៅ​ជាមួយ​កូន​ស្រី​អាយុ​ ៨ ​ឆ្នាំ​នៅ​ផ្ទះ​ល្វែង​មួយ​ក្នុង​សង្កាត់ Binh Thanh។ គេ​និយាយ​ថា នាង​បាន​ធ្វើ​បាប និងវាយធ្វើបាប​ក្មេង​ស្រី​តូច​នេះ​ជា​ញឹក​ញាប់ ហើយលោក Thai ក៏បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​មិន​អនុញ្ញាត​ឲ្យ​ម្តាយ​បង្កើត​ទៅ​លេង​ក្មេង​ស្រី​តូចនេះផងដែរ ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២១ Trang បាន​វាយ​ក្មេង​ស្រី​រហូត​ដល់​សន្លប់។ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​មុន​ពេលទៅ​ដល់ ខណៈលទ្ធផល​ធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​ឈាម​ហូរ​ក្រោម​ស្បែក​ថ្ងាស រលាក​ខួរក្បាល​ស្រាល និង​បាក់​ឆ្អឹងជំនី​ ។

ប៉ូលិសនិយាយថា មានស្នាមជាំជាច្រើននៅពេញដងខ្លួនក្មេងស្រីតូចនោះ រួមមានទាំងរបួសដែលជាសះស្បើយរួចហើយផងដែរ ដែលនេះបង្ហាញថា នាងត្រូវបានគេវាយពីមុនមក ។ នៅ​ក្នុង​ផ្ទះល្វែង ប៉ូលិស​បាន​រក​ឃើញ​អម្បោស​បាក់ និង​វត្ថុ​មួយ​ចំនួន​ដែល​បង្ហាញ​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​គេ​វាយ​និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ។ អ្នកជិតខាង​ក៏​បាន​និយាយ​ដែរ​ថា ពួកគេ​តែងតែ​ឮ​ក្មេងស្រី​តូច​យំ ​។

ចំណែកលោក Thai បានសារភាពប្រាប់ប៉ូលិសថា គាត់ដឹងថា គូកំណាន់របស់គាត់តែងតែប្រើរំពាត់ និងដំបងវាយកូនស្រីរបស់គាត់ដើម្បី “អប់រំ” ប៉ុន្តែគាត់មិនបាន “ប្រតិកម្មខ្លាំង” ដើម្បីការពារក្មេងស្រីតូចនេះនោះទេ ហើយបន្ទាប់ពីនាង Trang ត្រូវបានចាប់ខ្លួន ម្តាយបង្កើតរបស់ក្មេងស្រីឈ្មោះ Nguyen Thi Hanh បានស្នើសុំការស៊ើបអង្កេតលើតួនាទីរបស់អតីតប្តីរបស់នាងក្នុងការស្លាប់កូនស្រីពួកគេ ៕