បើទោះបីជាការចាក់ Filler ចូលទៅក្នុងស្បែក ដើម្បីជួយដោះស្រាយបញ្ហាស្បែកផ្សេងៗដូចជា ស្នាមជ្រីវជ្រួញ នៅតំបន់ផ្សេងៗនៃផ្ទៃមុខក៏ដោយ  អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកជាមុនសិនមុននឹងធ្វើការចាក់ ហើយអនុវត្តតាមការណែនាំមុននឹងក្រោយពេលចាក់ថ្នាំបំពេញនេះ ដើម្បីកាត់បន្ថយនូវភាពមិនប្រក្រតីណាមួយ ឬផលវិបាកទៅថ្ងៃខាងមុខ។

តើអ្វីជាសារធាតុ Filler

លោកវេជ្ជបណ្ឌិត Manus Phothaphon អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ដក្នុងប្រទេសថៃបានផ្តល់ព័ត៌មានថា  Filler គឺជាសារធាតុម្យ៉ាងប្រើដើម្បីបំពេញបញ្ហាស្បែក ស្នាមជ្រីវជ្រួញ នៅតំបន់ផ្សេងៗលើផ្ទៃមុខ។ ក្នុងនោះគេបានបែងចែក Filler ជាពីរប្រភេទ៖  ដោយមាន ប្រភេទបណ្តោះអាសន្ន និងប្រភេទពាក់កណ្តាលអចិន្ត្រៃយ៍

១. Filler បណ្តោះអាសន្ន៖ ភាគច្រើនវាគឺជាក្រុមនៃសារធាតុអាស៊ីត hyaluronic acid ឬ (HA) ដែលជាសារធាតុអាស៊ីតម្យ៉ាងជួយកាត់បន្ថយស្នាមអុជខ្មៅ ការពារលាកស្បែក ជួយកុំឱ្យមានមុនលើផ្ទៃមុខ ជួយកាត់បន្ថយស្មាមជ្រីវជ្រួញជាដើម ដោយអាស៊ីត hyaluronic acid នេះត្រូវបានគេយកទៅលាយជាមួយគ្រឿងផ្សំផ្សេងទៀតដើម្បីបង្កើតជាផលិតផលថែរក្សាសម្រស់។ ក្នុងនោះការចាក់Filler បណ្តោះអាសន្ន ម្ដងមានប្រសិទ្ធភាពរយៈពេលប្រហែល ១-២ ឆ្នាំ។

២. Filler ប្រភេទពាក់កណ្តាលអចិន្ត្រៃយ៍៖ Filler នេះចាក់ម្តងអាចប្រើបានរហូតដល់ ១០ ឆ្នាំប៉ុន្តែភាគច្រើនវេជ្ជបណ្ឌិតមិនណែនាំឱ្យចាក់ Filler ប្រភេទនេះនោះទេ ដោយសារតែភាគច្រើននៃ Filler ពាក់កណ្តាលអចិន្ត្រៃយ៍នេះ ជារឿយៗមិនអាចបំបែកចេញពីធម្មជាតិនៃសាច់មុខដូចជាក្រុមអាស៊ីត hyaluronicនោះទេ ហើយវាមានផលវិបាកក្នុងការព្យាបាលណាស់បើសិនជាមានបញ្ហានៅពេលក្រោយ។

៤ យ៉ាងដែលអ្នកគួរដឹងមុនពេលចាក់បំពេញ Filler

១. អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហា និងរៀបចំផែនការព្យាបាលឱ្យបានសមស្រប

២. ប្រសិនបើអ្នកមានជម្ងឺពីកំណើត ត្រូវការលេបថ្នាំ ឬវីតាមីនជាប្រចាំ អ្នកគួរតែប្រាប់គ្រូពេទ្យរបស់អ្នកជាមុនពេលធ្វើការព្យាបាលណាមួយ។

៣. គួរជ្រើសរើសម៉ាកនិងប្រភេទឧបករណ៍បំពេញដែលមានស្តង់ដារហើយអាចពិនិត្យមើលព័ត៌មាន លើកញ្ចប់បាន។

៤. គួរពិនិត្យមើលមន្ទីរពេទ្យ ឬ គ្លីនិកដែលមានស្តង់ដារនិងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

គ្រោះថ្នាក់នៃការបំពេញ Filler មិនមានស្តង់ដារ

លោកស្រី Mingkwan Wichaidit នាយកវិទ្យាស្ថានសើស្បែក និងជានាយកដ្ឋានវេជ្ជសាស្ត្រនៃប្រទេសថៃបានបង្ហាញថា ការចាក់បំពេញ Filler មិនមានលក្ខណៈស្តង់ដារ ចាក់ថ្នាំមិនត្រឹមត្រូវ ឬការជ្រើសរើសផលិតផលមិនសមរម្យ នឹងនាំឱ្យមានលំហូរនៃសារធាតុបំពេញក្នុងស្បែកដែលវាអាចបណ្ដាលឱ្យខូចទ្រង់ទ្រាយ ឬហើមស្បែក ហើយមានផលវិបាកផ្សេងៗទៀតដែលអាចនឹងកើតមាន។

វិធីសង្កេតមើលផលវិបាក ឬ ភាពមិនប្រក្រតីបន្ទាប់ ពី ចាក់Filler

១. ពណ៌ស្បែកខុសពីធម្មតានៅកន្លែងដែលបានចាក់ ដូចជាស្លេក ឬក្រហមខ្លាំង

២. ការឈឺចាប់ហើមក្រហមឬជាំជាងធម្មតា

៣. ស្ពឹក

៤. ហើមក្រហមទន់ៗ ឬខ្ទុះសង្ស័យថាឆ្លងមេរោគ ឬរលាកស្បែក ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកការព្យាបាលភ្លាមៗ។

ក្រោយពេលចាក់ថ្នាំ Filler តើយើងគួរធ្វើអ្វីខ្លះ

លោកស្រី Mingkwan Wichaidit នាយកវិទ្យាស្ថានសើស្បែកក៏បានផ្តល់ដំបូន្មានបន្ថែមទៀតថា បន្ទាប់ពីការចាក់បំពេញ Filler ជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងកំដៅ លាបឡេការពារកម្តៅថ្ងៃជាប្រចាំ ជៀសវាងការម៉ាស្សា ឬប្រើឧបករណ៍ដែលមានកម្ដៅ រួមទាំងសង្កេតមើលភាពមិនប្រក្រតីលើមុខជាប្រចាំ ជាពិសេសទីតាំងដែលបានចាក់ គួរទទួលទានទឹកស្អាតឱ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកចង់បានដំបូន្មានពីការថែទាំស្បែកឱ្យបានត្រឹមត្រូវ ត្រូវទៅពិគ្រោះជាមួយ គ្រូពេទ្យជំនាញស្បែកដោយផ្ទាល់៕ ប្រភព៖ Sanook