វត្តឈើខ្មៅទីអារាមដែលមានអាយុកាលរាប់រយឆ្នាំ កំពុងសម្ងំលាក់ខ្លួនពីភ្ញៀវទេសចរ នៅកណ្ដាលព្រៃរនាមដៃបឹងទន្លេសាប ជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង-សៀមរាប។
វត្តពិជ័យល័ង្ការ ឬដែលគេហៅថា វត្តឈើខ្មៅគឺជាអារាមមួយដែលមានអាយុកាលរាប់រយឆ្នាំ នឹងត្រូវបានគេសាងសង់នៅលើទីទួលអណ្ដែតកណ្ដាលផ្ទៃទឹកនារដូវវស្សា ហើយត្រូវបានព័ទ្ធជុំវិញដោយព្រៃរនាមនារដូវប្រាំង។

វត្តមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។ វត្តឈើខ្មៅគឺជាឈ្មោះដែលគេតែងតែហៅតៗគ្នា ដោយសារតែនៅទីនោះ មានព្រះវិហារមួយត្រូវបានគេសាងសង់ឡើងនៅឆ្នាំ ១៨៨៧ ពីរុក្ខជាតិឈើខ្មៅ។

លក្ខណៈពិសេសមួយទៀតនៃវត្តនេះគឺ មានសាលាបាលីមួយសង់ពីឈើ ប្រក់ស័ង្កសីមានបីជាន់ និងមានអាយុកាលជិត ៦៤ ឆ្នាំ ផុសនៅលើផ្ទៃទឹក។ សព្វថ្ងៃនេះសាលាបាលីនេះ មានសភាពចាស់ទ្រុតទ្រោមខ្លាំង និងពិបាកក្នុងការចូលទៅទស្សនានៅខាងក្នុង ដោយសារតែឈើខ្លះមានភាពពុកផុយអាចប្រឈមនឹងគ្រោះថ្នាក់។

ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវទេសចរទាំងអស់អាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូឬទូកម៉ាស៊ីន។ ពេលដែលកំពុងធ្វើដំណើរតាមទូក យើងបានឃើញនូវផ្ទាំងទស្សនីយ៍ភាពស្អាតៗជាច្រើនដែលកម្រ នឹងបានឃើញ ដូចជាផ្ទះបណ្ដែតទឹកតូចៗនៅតាមដងស្ទឹងសង្កែ រួមជាមួយការប្រកបរបរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជាទេសភាពស្អាតៗជាច្រើនទៀត ដែលមិនធ្វើអោយលោកអ្នកខកបំណងឡើយ៕