ប្រទេសថៃ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម្តាយរបស់តារាសម្ដែងស្រី Tangmo Nida បានផ្ដល់បទសម្ភាស ទៅកាន់អ្នកសារព័ត៌មានថាមកទល់ពេលនេះខ្លួនមិនបានទទួលលុយពីលោក Por និង Rorbert សូម្បីតែមួយបាតដែលខុសពីការគិតរបស់មហាជន ដែលគិតថាគាត់បានទទួលលុយចំនួន៣០លានបាត ក្នុងករណីស្លាប់របស់កូនស្រី។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន Sanook។

អ្នកស្រី Panida បានចេញមុខមកផ្ដល់បទសម្ភាស និងបញ្ចេញមតិទាក់ទងភ័ស្តុតាងវីដេអូថ្មីមួយទៀតដែលត្រូវបានរកឃើញចេញពីកាំមេរ៉ាសុវត្តិភាពបានបង្ហាញថារូបភាពក្នុងវីដេអូនេះអាចមិនមែនជា Tangmo នោះទេ ព្រោះបើជានាងមែន គឺមិនអាចហែលទឹករហូតទៅដល់កន្លះម៉ោងឡើយ ដោយសារ Tangmo នាងបានផឹកស្រាស្រវឹងក្នុងថ្ងៃនោះ ហើយកំពុងមានរបួសទៀតគឺមិនអាចហែលទឹកបានយូរបែបនេះទេ។

ឆ្លៀតក្នុងឱកាសផ្ដល់បទសម្ភាសនោះដែរ អ្នកស្រីក៏បានទម្លាយថាមកទល់ពេលនេះខ្លួនមិនបានទទួល ប្រាក់ពី Robert និង Por  ដែលជាបុគ្គលនៅលើទូកជាមួយ Tangmo ក្នុងថ្ងៃកើតហេតុបានមួយកាក់មួយសេនដូចដែលអ្នកគ្រប់គ្នាបានដឹងនោះទេ តាមពិតទៅពីដំបូងអ្នកស្រីគ្រាន់តែនិយាយបង្ហើរចោល តែមហាជនគ្រប់គ្នាបែរជាយល់ច្រឡំ និងនិយាយតៗគ្នាថាវាជាការពិតទៅវិញ។

​ហើយអ្វីដែលសំខាន់អ្នកស្រី Panida កំពុងតែរងចាំនូវពាក្យសន្យារបស់ Por ព្រោះគេធ្លាប់សន្យាមុនពេលទៅបួសជាលោកសង្ឃ ថាខ្លួននឹងប្រាប់នូវការពិតគ្រប់យ៉ាងដល់គាត់បន្ទាប់ពីសឹករួចរាល់ ហើយរហូតមកទល់ពេលនេះខ្លួនក៏មិនទាន់បានជួប Por ហើយរឹតតែមិនដឹងថាការពិតដែល Por ធ្លាប់សន្យានោះគឺជាអ្វីនោះទេ គឺមានតែរងចាំគេសឹកតែប៉ុណ្ណោះ៕ ប្រភព៖ Sanook