ប្រទេសថៃ៖ នៅតែជារឿងដ៏ក្ដៅគគុកទាក់ទង នឹងករណីនៃការធ្លាក់ទឹកស្លាប់របស់តារាស្រី Tangmo ស្ថិតនៅទន្លេចៅប្រាយ៉ាកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ថ្វីត្បិតថារឿងនេះមានការស្ងប់ស្ងាត់បន្តិចទៅហើយក៏ពិតមែន ប៉ុន្តែការស៊ើបអង្កេតរបស់ប៉ូលីសនៅតែធ្វើឡើងដើម្បីស្វែងរកការពិតឱ្យបានច្បាស់ក៏ដូចជាស្រាយមន្ទិលរបស់មហាជនដែលកំពុងមានការចង់ដឹងខ្លាំងពីករណីស្លាប់ដ៏ស្មុគស្មាញមួយនេះ ។


ករណីស្លាប់របស់ តារាស្រី Tangmo នៅតែមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ក្រុមប៉ូលីស និងមេធាវីរបស់នាង ស្រាប់តែនៅក្នុងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២២នេះ សមាជិកសភា Tae Mongkolkit Suksintharanon និងជាមេដឹកនាំគណបក្ស Thai Sriwilai បានធ្វើសន្និសីទសារព័ត៌មានមួយទាក់ទង នឹងរូបភាពវីដេអូពី CCTV ដោយបញ្ជាក់ថាជារូបភាពថ្មីដែលទើបទទួលបាន ពីសាលាក្រុង Bang Kruai ដោយរូបភាពនេះបានយកចេញពីកាំមេរ៉ានៅជុំវិញទំនប់ទន្លេចៅប្រាយ៉ា ក្បែរផែ ភិបូនសុងង្ក្រាមទី១ ចាប់ពី ម៉ោង២១និង៣៥ ដល់ម៉ោង៩និង៥៧នាទីក្នុងថ្ងៃកើតហេតុនោះ។
នៅក្នុងរូបភាពនោះបានបង្ហាញឱ្យឃើញពីស្រមោលងងឹតមួយ និងមិនអាចបញ្ជាក់បានច្បាស់ថាជាវត្ថុ ឬក៏ជាមនុស្សអណ្តែតក្នុងទឹកនោះទេ ប៉ុន្តែគេជឿថាដូចជាមនុស្សកំពុងព្យាយាមហែលទឹកដើម្បីទៅច្រាំង មួយសន្ទុះក្រោយមកក៏មានអ្នកចែវទូក ដែលគេសន្មតថាជាទូកនេសាទ បានមកជិតកន្លែងស្រមោលអាថ៌កំបាំងកំពុងអណ្ដែតនោះ ប៉ុន្តែគេមិនបានឃើញអ្នកចែវទូកនោះជួយ ឬក៏ស្រង់មនុស្សឡើងមកនោះទេ បន្ទាប់មកគេក៏ចែវទូកចេញឆ្ងាយទៅ ក្នុងនោះគេក៏មិនដឹងច្បាស់ថាហេតុអ្វីបានជាអ្នកជិះទូកនោះមិនមានប្រតិកម្មអ្វីជាមួយនឹងស្រមោលអាថ៌កំបាំងនោះទេ។ ប៉ុន្តែគេនៅតែជឿថាស្រមោលនោះជា Tangmo យ៉ាងពិតប្រាកដ ទើបគេសម្រេចថានៅក្នុងថ្ងៃនេះគេនឹងរៀបចំ ចំណាត់ការក្នុងការមុជទឹកម្ដងទៀតដើម្បីតាមស្វែងរកសំពត់សដែលនាងបានស្លៀកក្នុងថ្ងៃកើតហេតុនោះ និងស្វែងរកវត្ថុផ្សេងទៀតដែលគេជឿថាអាចមានជាប់ទាក់ទងនឹងការស្លាប់របស់នាង នៅចំណុចផែ ភិបូនសុងង្ក្រាមទី១ ដែលជាចំណុច បានបង្ហាញនូវស្រមោលអាថ៌កំបាំងមួយនេះ៕ ប្រភព៖ Sanook