អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអត្ថិភាពរបស់វាត្រូវបានគំរាមកំហែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងនៅពេលដែលអ្នកសម្ភាសន៍សារព័ត៌មាន CNN លោកស្រី Christiane Amanpour បានជំរុញសួរលោកថា៖ «តើលោកជឿជាក់ដែរឬទេ ថាប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អាចនឹងមិនប្រើជម្រើសនុយក្លេអ៊ែរនៅក្នុងបរិបទសង្គ្រាមអ៊ុយក្រែន?»។

លោក Dmitry Peskov ក៏បានឆ្លើយថា «យើងមានគោលគំនិតនៃសន្តិសុខក្នុងស្រុក ហើយវាជាសាធារណៈ ដោយមហាជន​អាច​អាន​ហេតុផល​ទាំងអស់​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​គេ​ប្រើ ដូច្នេះ​ប្រសិន​បើ​វា​ជា​ការ​គំរាម​កំហែង​សម្រាប់​ប្រទេស​របស់​យើង នោះ​ការជ្រើសរើសយកការ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាច​នឹងត្រូវ​បាន​ប្រើ​តាម​គោល​គំនិត​របស់​យើង»។

គួររំលឹកដែលថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ការពារជាតិដាក់កងទ័ពទទួលបន្ទុកអាវុធនុយក្លេអ៊ែរ ប្រុងជើងការខ្ពស់ក្នុងកាតព្វកិច្ចត្រៀមប្រយុទ្ធនាថ្ងៃអាទិត្យនេះ ដោយលោកចោទថា លោកខាងលិចកំពុងប្រើជំហានដែលមានចរិតអមិត្តប្រឆាំងប្រទេសខ្លួន ដោយលោកបានបញ្ជាក់ថា «ខ្ញុំបញ្ជាប្រមុខការពារជាតិ និង នាយអគ្គសេនាធិការកងទ័ពជើងគោករុស្ស៊ីឱ្យដាក់ទ័ពនុយក្លេអ៊ែររុស្ស៊ីក្នុងកាតព្វកិច្ចពិសេសត្រៀមប្រយុទ្ធ» ៕