អន្តរជាតិ៖ ក្រុម (Hacker) ស្ម័គ្រចិត្តរាប់សិបម៉ឺននាក់ ដែលប្ដេជ្ញាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រមូលផ្តុំគ្នានៅលើវេទិកា Telegram ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Theguardian

បើតាមអង្គភាព NetBlocks បានឱ្យដឹងថា សមាជិកជាហេកឃឺច្រើនជាង ៣០០,០០០ នាក់ បានប្រមូលផ្ដុំគ្នានៅក្នុង Group លើបណ្ដាញ Telegram ហើយក្រុមហេកឃឺទាំងនោះ ក៏បានវាយប្រហារលើវេបសាយព័ត៌មានមួយចំនួន របស់រដ្ឋាភិបាលរុស្ស៊ីដោយជោគជ័យផងដែរ។

គួរបញ្ជាក់ដែលថា កាលពីចុងខែមុន ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov បានចេញការអំពាវនាវឱ្យមានមនុស្សចូលរួមយុទ្ធនាការនេះ។ គាត់បានសរសេរថា៖«យើងកំពុងបង្កើតកងទ័ព IT។ គ្រប់គ្នានឹងមានភារកិច្ចរៀងខ្លួន។ យើង​បន្ត​ប្រយុទ្ធ​នៅ​លើ​បណ្ដាញអ៉ីនធឺណិត»។ យ៉ាងណាក៏ដោយ ថ្វីបើការវាយប្រហារតាមបណ្ដាញអ៉ីនធឺណិត អាចត្រឹមតែផ្ដល់ការរំខានដល់រុស្ស៊ី ហើយមិនអាចឱ្យមានគ្រោះថ្នាក់ដោយផ្ទាល់ ប៉ុន្តែការចូលរួមគ្នាសាមគ្គីគ្នាបែបនេះ វាបានបង្ហាញពីការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា។

ជាមួយគ្នានេះដែរ បើតាមសម្ដីបុគ្គលិកក្រុមហ៊ុន adtech ម្នាក់ដែលមានឈ្មោះ Sam បាននិយាយថា ការពិតទៅសង្គ្រាមបែបកូនកាត់ ទាំងផ្នែកព័ត៌មានវិទ្យា និងកម្លាំងយោធា រវាងប្រទេសទាំង ២ គឺបានកើតមានឡើងតាំងតែពីឆ្នាំ២០១៤ មកម៉្លេះ ប៉ុន្តែកាលពីមុនវាមានទំហំតូចជាងនេះ។ លោកបានបន្ដថា ពលរដ្ឋអ៊ុយក្រែនរបស់យើង យល់ច្បាស់ចំពោះទង្វើរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់យើង​៕