រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២០ថ្ងៃ កន្លងមកនេះ បានធ្វើឲ្យរុស្ស៊ី ខាតបង់កងទ័ពយ៉ាងធំបំផុត ដោយបាត់បង់ទាំងមេបញ្ជាការ ជាង១០នាក់ និង ពលទាហាន ជាង១៣ ៨០០នាក់ ហើយនេះមិនបានគិត ដល់ការខាតបង់លើគ្រឿងយុទ្ធោបករណ៍ និង សេដ្ឋកិច្ច មានតម្លៃរាប់ពាន់ដុល្លារ ហើយ​ការចំណាយផ្សេងៗនោះឡើយ។

សារព័ត៌មាន International Bussiness Times បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា ប្រសិនបើការអះអាងរបស់អ៊ុយក្រែន អាចគួរឲ្យទុកចិត្តបាន គឺលោកឧត្ដមសេនីយ៍ អូឡែគ មីទីយ៉ែវ (Oleg Mityaev) ក្លាយជាមេទ័ពកំពូលទី៤របស់រុស្ស៊ី ត្រូវបានសម្លាប់ ចាប់តាំងពីការសម្រេចចិត្តធ្វើសង្គ្រាមឈ្លានពានរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

លោក អេនតុន ជេរ៉ាស់សេនកូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបង្ហោះសារ និង រូបភាព នៅតាមបណ្ដាញសង្គម តេឡេក្រាម ថា លោកឧត្ដមសេនីយ៍ Oleg Mityaev ជាមេទ័ពដ៏ជិតស្និទ្ធរបស់លោក ពូទីន ត្រូវបានសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយនឹងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងទីក្រុងម៉ារីអូប៉ូល។ ការស្លាប់របស់លោកឧត្ដមសេនីយ៍ Oleg Mityaev មេបញ្ជាការកងពលលេខ១៣របស់កងទ័ពរុស្ស៊ី បានធ្វើឲ្យលោក ពូទីន បាត់បង់មេទ័ពកំពូលៗរបស់គាត់ កើនឡើងដល់៤នាក់ ចាប់តាំងពីគាត់បានសម្រេចចិត្ត ធ្វើសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។
មន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា ការស្លាប់របស់លោកឧត្ដមសេនីយ៍ Mityaev បានកើតឡើង ក្រោយពេលមេបញ្ជាការចារកម្ម នៅក្នុងប្រទេសអ៊ុយក្រែន បានរាយការណ៍ អំពីប្រតិបត្ដិការសម្ងាត់បំផុត ទៅជូនលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី អំពីមេបញ្ជាការកងទ័ព ចំនួន១៣នាក់របស់រុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្ដិការសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ លោក អាឡិចហ្សេ ហ្គូសេក (Alexey Glushchak) ជាចារកម្មស៊ើបការណ៍យោធា GRU មកពីក្រុង Tyumen តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ក៏ត្រូវបានសម្លាប់ នៅក្នុងទីក្រុងម៉ារីអូប៉ូល ដែរ ប៉ុន្តែគេមិនមានព័ត៌មានលម្អិត អំពីការស្លាប់របស់គាត់។

មន្រ្ដីអ៊ុយក្រែន កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានរាយការណ៍ អំពីការសម្លាប់លោកឧត្ដមសេនីយ៍ អែនដ្រេ ស៊ូខូវវេតស្គី (Andrei Sukhovetsky) មេបញ្ជាការកងពលធំលេខ៧របស់រុស្ស៊ី និង ជាមេបញ្ជាការរងកងទ័ពលេខ៤១របស់រុស្ស៊ី ហើយលោកឧត្ដមសេនីយ៍ វីតាលី ជេរ៉ាស៊ីមូវ (Vitaly Gerasimov នាយសេនាធិការកងទ័ពលេខ៤១ ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ម្នាក់ទៀត ដែលបានបាត់បង់ជីវិត នៅក្នុងសង្គ្រាមនេះដែរ មិនឃើញមានសេចក្ដីរាយការណ៍នោះឡើយ។

មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា ចាប់តាំងពីការសម្រេចចិត្ត ធ្វើសង្គ្រាមឈ្លានពានរបស់លោក ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន វាយលុកចូល ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រុស្ស៊ីបានបាត់បង់កម្លាំងទ័ពយ៉ាងច្រើនបំផុត។ កម្លាំងយោធារុស្ស៊ី ជាង ១៣ ៨០០នាក់ ត្រូវបានសម្លាប់ និង ជាង២០ ០០០នាក់ផ្សេងទៀត រងរបួស នៅក្នុងសមរភូមិ ប្រយុទ្ធយ៉ាងសាហាវជាមួយនឹងកងទ័ពអ៊ុយក្រែន។ ដោយឡែក គ្រឿងយុទ្ធោបករណ៍ជាច្រើនទៀតរបស់រុស្ស៊ី ត្រូវបានកម្លាំងការពារជាតិអ៊ុយក្រែនកម្ទេចចោល រួមមាន យន្ដហោះចម្បាំងចំនួន៥៧គ្រឿង រថក្រោះចំនួន៣៥៣គ្រឿង និង ឧទ្ធម្ភាគចក្រ ចំនួន៨៣គ្រឿង។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានកម្ទេចកាំភ្លើង១២៥ដើម និង យានយន្ដយោធាចំនួន ១ ១៦៥គ្រឿងបន្ថែមទៀត។

ទោះជាយ៉ាងណា ក្រុងមូស្គូ មិនបានផ្តល់ព័ត៌មានលម្អិត អំពីចំនួនទាហានរបស់ខ្លួនស្លាប់ នៅក្នុងសង្គ្រាមឈ្លានពាន នោះឡើយ។ ប៉ុន្ដែក្រុងមូស្គូ គ្រាន់តែបានបញ្ចេញឈ្មោះ អ្នកស្លាប់មួយចំនួន រួមទាំងឧត្តមសេនីយ៍ជាន់ខ្ពស់ តែប៉ុណ្ណោះ។ ដោយឡែក ពិធីបុណ្យសពរបស់នាយទាហានជាច្រើនទៀត ត្រូវបានរាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ តែសម្រាប់ កងទ័ពដែលបានស្លាប់ កាលពីចុងខែកុម្ភៈ តែប៉ុណ្ណោះ៕