បរទេស៖ តារាសម្តែងប្រុសល្បីឈ្មោះជនជាតិអង់គ្លេស លោក Benedict Cumberbatch ដែលសម្តែងក្នុងរឿងល្បីៗជាច្រើន និងជាតួអង្គ Doctor Strange ផងនោះ នាពេលថ្មីៗនេះ បានប្រកាសចូលរួមចំណែកជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងគម្រោង «Homes For Ukraine» ដែលជាការជួយដល់ជនភៀសខ្លួនអ៊ុយក្រែន តាមរយៈការផ្តល់កន្លែងស្នាក់នៅដ៏សមរម្យមួយដល់ពួកគេ ក្នុងកាលៈទេសៈ ដែលប្រទេសអ៊ុយក្រែនកំពុងមានសង្គ្រាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់សារព័ត៌មាន Sky News ពេលចូលរួមពិធីកម្មវិធីប្រគល់ពានរង្វាន់ British Academy Film Award នៅទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យកន្លងទៅនេះ លោក Benedict Cumberbatch បានលើកឡើងថា វាជាពេលវេលាដ៏លំបាកមួយ ដែលធ្វើដំណើរពីអ៊ុយក្រែន មកអឺរ៉ុបក្នុងរយៈពេល២ម៉ោងកន្លះ។ ក្រៅពីនេះ អ្វីដែលលោកនិងប្រជាជនអឺរ៉ុបធ្វើបាន គឺការបរិច្ចាគ និងស្នើដល់អ្នកនយោបាយ ឲ្យបន្តផ្តល់កន្លែងស្នាក់ប្រកបដោយសុវត្ថិភាពដល់ជនភៀសខ្លួនអ៊ុយក្រែន។

តារារូបនេះបានបន្ថែមថា លោកក៏សន្យាថា លោកនឹងជាចំណែកមួយ ក្នុងការផ្តល់កន្លែងស្នាក់នៅដល់ជនភៀសខ្លួនអ៊ុយក្រែនផងដែរ ៕