រដ្ឋធានីគៀវ៖ ក្រោយពេល ទីក្រុងមួយ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានធ្លាក់ចូលទៅក្រោមកណ្ដាប់ដៃរបស់ទាហានរុស្ស៊ី នោះមក ក្រុងគៀវបានចោទប្រកាន់កងទ័ពក្រុងមូស្គូ អំពីការចាប់ពង្រត់អភិបាលក្រុងមេលីតេប៉ូល ហើយសកម្មភាពបែបនេះ ជាសញ្ញាបង្ហាញពីភាពកម្សោយរបស់ពួកឈ្លានពាន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ថា អាជ្ញាធរអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី អំពីការចាប់ពង្រត់អភិបាលក្រុងមេលីតូប៉ូល (Melitopol) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ការចោទប្រកាន់របស់ក្រុងគៀវ បានកើតឡើង ក្រោយពេលទីក្រុងមួយនេះ ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។

លោក អែនតុន ហេរ៉ាស់សេនកូ (Anton Heraschenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបញ្ជាក់ថា ទាហានរុស្ស៊ី ចំនួន១០នាក់ បានចូលទៅក្នុងបរិវេណ នៃមជ្ឈមណ្ឌលក្រុង Melitopol កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ដោយដាក់កាបូបលើក្បាលរបស់អភិបាលក្រុង លោក អ៊ីវ៉ាន់ ហ្វេដូរ៉ូ (Ivan Fedorov) ហើយនាំគាត់ចេញទៅកាន់ទីតាំង ដែលមិនមានអ្នកណាម្នាក់ស្គាល់។

ជាមួយគ្នានេះដែរ លោក គីរីឡូ ទីម៉ូសេនកូ (Kyrylo Tymoshenko) អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចែករំលែកពីវីដេអូ តាមអ្វីដែលគាត់ បាននិយាយ អំពីការចាប់ពង្រត់លោក Fedorov ។ នៅក្នុងវីដេអូនោះ បានបង្ហាញពីបុរសពាក់ម៉ាស់ ជាច្រើននាក់ បាននាំបុរសម្នាក់ ចេញពីអគារមួយ ដែលគេសង័្សយថា ជាអភិបាលក្រុងមេលីតូប៉ូល (Melitopol) លោក អ៊ីវ៉ាន់ ហ្វេដូរ៉ូ (Ivan Fedorov) ។

ទោះជាយ៉ាងណា ក្រោយមានការចោទប្រកាន់ពីក្រុងគៀវ នោះមក គេមិនទាន់ឃើញមានការធ្វើអត្ថាធិប្បាយណាមួយ ជុំវិញជោគវាសនារបស់លោក អ៊ីវ៉ាន់ ហ្វេដូរ៉ូ (Ivan Fedorov) អភិបាលក្រុងមេលីតូប៉ូល នៅឡើយ។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីល្ងាច ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២២ បានបញ្ចេញសារជាវីដេអូ ថ្កោលទោស ចំពោះការចាប់ពង្រត់នេះ។ លោកប្រធានាធិបតី បានហៅលោក Fedorov ចៅហ្វាយក្រុង ជាអ្នកក្លាហាន ការពារទឹកដីអ៊ុយក្រែន និង ការពារសហគមន៍របស់គាត់។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា «សកម្មភាពចាប់ពង្រត់អភិបាលក្រុងនេះ ជាសញ្ញាមួយ បង្ហាញពីភាពកម្សោយរបស់ពួកឈ្លានពាន។ ពួកគេបានឈានទៅដល់ដំណាក់កាលថ្មី នៃអំពើភេរវកម្ម ហើយពួកគេកំពុងតែព្យាយាម លុបបំបាត់តំណាងអាជ្ញាធរមូលដ្ឋាន ស្របច្បាប់របស់ប្រទេសអ៊ុយក្រែន»៕