រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក កំពុងតែបន្ដដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងមហាសេដ្ឋីរុស្ស៊ី និង សមាជិកគ្រួសារ នៃអ្នកនាំពាក្យ និង តំណាងរាស្រ្ដរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន។

សារព័ត៌មាន SWI បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១១ ខែមីនា បានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងមហាសេដ្ឋីរុស្ស៊ី លោក វិកទ័រ វេកសែលប៊ឺគ (Viktor Vekselberg) សមាជិកគ្រួសារបីនាក់របស់អ្នកនាំពាក្យ និង សមាជិកសភារបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។ ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន នាពេលនេះ ក៏ជាការប្រឆាំងទៅនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រទេសរុស្សី បាន និង កំពុងតែប្រឈមមុខនឹងការដាក់វិធានការយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានលើកកងទ័ព វាយលុកចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ នេះជាសង្គ្រាមដ៏ធំបំផុត នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ សកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ បាននាំឲ្យមានជនភៀសខ្លួន ជាង២លាននាក់ បានរត់ចេញពីប្រទេសអ៊ុយក្រែន។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ថា ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន បានកំណត់ប្រឆាំងលើឥស្សរជនរបស់រុស្ស៊ី រាប់បញ្ចូល ទាំងក្រុមប្រឹក្សាភិបាលរបស់ធនាគារ VTB ចំនួន១០នាក់ ដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំទី២ នៅក្នុងប្រទេសរុស្ស៊ី និង សមាជិក១២នាក់ នៃសភាឌូម៉ា និង សភាជាន់ទាបរបស់រុស្ស៊ី។

លោកស្រី ជេណែត យ៉េលឡេន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងរតនាគារ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រសួងរតនាគារ បន្តរក្សាមន្ត្រីរុស្ស៊ី ឱ្យទទួលខុសត្រូវ ចំពោះការបង្កឱ្យមានភាពអយុត្ដិធម៌ និង ការញុះញង់ បង្កសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន»។

ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានដាក់ទណ្ឌកម្ម លើលោក ឌីមីទ្រ ប៉េស្កូវ ( Dmitry Peskov) អ្នកនាំពាក្យរបស់លោក ពូទីន។ ប៉ុន្ដែវិធានការថ្មី កាលពីថ្ងៃទី១១ ខែមីនា (វេលានៅវ៉ាស៊ីនតោន) បានពង្រីកដាក់ទៅលើប្រពន្ធ និង កូន២នាក់របស់គាត់បន្ថែមទៀត ព្រោះពួកគេបានរស់នៅក្នុងភាពហ៊ឺហា ដោយសារតែប្រាក់ខែរបស់លោក Peskov ។

ក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាធនាគារណូវីកុមប៊ែង (Novikombank) ចំនួន៤នាក់ រួមទាំង លោក អេឡែនណា ចចជីវ៉ា (Elena Georgieva) នាយកធនាគារ, សមាជិក៤នាក់ នៃគណៈគ្រប់គ្រងធនាគារ ABR រួមទាំងលោក ឌីមីទ្រី លេបេដេវ (Dmitri Lebedev) នាយកធនាគារ Bank Rossiya និង លោក វ៉្លាឌីមៀរ ខេនីយ៉ាហ្គីនីន (Vladimir Knyaginin) អភិបាលរងក្រុង St. Petersburg ក៏ស្ថិតក្នុងទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ផងដែរ៕