រដ្ឋធានីញូវដេលី៖ កងទ័ពឥណ្ឌា បានបាញ់មីស៊ីលចូលទឹកដីប៉ាគីស្ថាន នៅក្នុងអំឡុងពេលមានការត្រួតពិនិត្យនូវបច្ចេកទេសគ្រឿងសឹក ហើយរដ្ឋាភិបាលក្រុងញូវដេលី ក៏បានចេញមុខសុំទោស ដល់ក្រុងអ៊ិស្លាមបាដ ជុំវិញសកម្មភាពរបស់ខ្លួន ដោយមានការភ័ន្ដច្រឡំនោះ។

សារព័ត៌មានរុស្ស៊ី Russia Today បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ថា ក្រុងញូវដេលី បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការរបស់ខ្លួនមួយ សុំការអភ័យទោស ពីក្រុងអ៊ិស្លាមបាដ ជុំវិញឧបទ្ទវហេតុ នៃការច្រឡំបាញ់មីស៊ីល ចូលទៅលើទឹកប៉ាគីស្ថាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិឥណ្ឌា កាលពីថ្ងៃសុក្រ ទី១១ ខែមីនា បានបញ្ជាក់ថា «ឧបទ្ទវហេតុនោះ បានកើតឡើង កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នាអំឡុងពេលមានការពិនិត្យថែទាំជាប្រចាំមួយ អំពីបញ្ហាបច្ចេកទេស នៃគ្រឿងសឹក ហើយក៏មានការច្រឡំបាញ់មីស៊ីលមួយគ្រាប់ ហោះធ្លាក់ទៅលើទឹកដីប៉ាគីស្ថាន។ ក្រសួងមានការសោកស្តាយ ចំពោះឧបទ្ទវហេតុនេះ។ ទោះជាយ៉ាងណា ក្រុងញូវដេលី បានបញ្ជាឱ្យមានការស៊ើបអង្កេត លើករណីនេះ ជាបន្ទាន់ និង ប្រកបដោយការយកចិត្តទុកខ្ពស់ដាក់បំផុត។

ដោយឡែក ក្រុងអ៊ិស្លាមបាដ បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ថា ប៉ាគីស្ថានបានរកឃើញវត្ថុមួយហោះហើរចូលមកកាន់ទឹកដីរបស់ខ្លួន ហើយវាអាចជាគ្រាប់មីស៊ីល មានប្រភពចេញពីប្រទេសឥណ្ឌា។ ក្រោយមក ក្រុងអ៊ិស្លាម៉ាបាដ បានព្រមានដល់ក្រុងញូវដេលី អំពីផលវិបាកនានាអាចនឹងកើតឡើង ហើយប៉ាគីស្ថាន ទទូចឱ្យចាត់វិធានការ បញ្ចៀសសកម្មភាពបង្កហេតុការណ៍បែបនេះបន្ដទៀត៕