រដ្ឋធានីគៀវ៖ ស្របពេល មហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្ត កំពុងតែបង្កើនការដាក់ទណ្ឌកម្មលើគ្រប់វិស័យ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដូចជា ទឹកបាក់ទំនប់បុកសំដៅទៅលើក្រុងមូស្គូ នោះ មន្រ្ដីជំនាញធនាគារ បានអះអាងថា ប្រាក់ចំណូលពីវិស័យប្រេង និង ឧស្ម័នរាវ ឬហ្គាស មិនអាចគ្រប់គ្រាន់ សម្រាប់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន ចំណាយ នៅក្នុងធ្វើសង្គ្រាម នៅប្រទេសអ៊ុយក្រែននោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២ ថា លោកស្រី វ៉ាឡេរៀ ហ្គុនតារ៉េវ៉ា (Valeria Gontareva) អតីតទេសាភិបាលធនាគារជាតិ នៃអ៊ុយក្រែន បានបញ្ជាក់ថា ការរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ី គួរតែត្រូវបានធ្វើឡើង សម្រាប់យកមកចំណាយលើការកសាងអ៊ុយក្រែន ឡើងវិញ ក្រោយពេលរុស្ស៊ី បានបង្កគ្រោះមហន្ដរាយ ដោយសារសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Gontareva បានប្រាប់ដល់សារព័ត៌មាន Al Jazeera ថា បច្ចុប្បន្ន មហាអំណាចបច្ចិមលោក កំពុងតែបង្កើនការដាក់កញ្ចប់ទណ្ឌកម្ម ជាបន្តបន្ទាប់ ប្រឆាំងនឹងក្រុងមូស្គូ។ ទណ្ឌកម្មទាំងនេះ កំពុងតែបង្កឲ្យមាន«ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំង រញ្ជួយដល់សេដ្ឋកិច្ចរបស់រុស្ស៊ី»។ ដោយឡែក ប្រាក់ចំណូល បានមកពីការលក់ប្រេង និង ឧស្ម័នរាវ ឬហ្គាសរបស់ប្រទេសរុស្ស៊ី នឹងមិនអាចសមល្មមគ្រប់គ្រាន់ សម្រាប់ការបន្តផ្តល់ហិរញ្ញប្បទាន ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលកំពុងតែធ្វើ នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

មហាអំណាចបច្ចិមលោក រួមមាន សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស …ជាដើម បាន និង កំពុងតែបង្កើនការដាក់ទណ្ឌកម្មជាកញ្ចប់ស្ទើរគ្រប់វិស័យ ប្រឆាំងនឹងប្រទេសរុស្ស៊ី ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានសម្រេចហាមឃាត់ដល់សហរដ្ឋអាមេរិក នាំចូលប្រេង ឧស្ម័នរាវ (ឬហ្គាស) និង ផលិតផលថាមពលនានា មកពីប្រទេសរុស្ស៊ី។ នេះជាទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដាក់បន្ថែមទៅលើក្រុងមូស្គូ។ ជាមួយគ្នានេះ សម្ពន្ធមិត្តនៅអឺរ៉ុប គឺអង់គ្លេស ក៏បានសម្រេចដូចគ្នានេះដែរ ហើយថែមទាំងបង្កកទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីរុស្ស៊ី ដែលជិតស្និទ្ធ នឹងប្រធានាធិបតី ពូទីន បន្ថែមទៀតផង៕